ពីខេត្តត្បូងឃ្មុំមានសេចក្តីរាយការណ៍មកថា បុរសម្នាក់មានវ័យ២១ឆ្នាំ បានបាត់បង់ជីវិតកាលពីយប់មិញនៅក្នុងបន្ទប់ធ្វើចត្តាឡីស័ក ស្ថិតក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរដែនដី បានទទួលស្គាល់ថាពិតជាមានបុរសម្នាក់ស្លាប់នៅក្នុងបន្ទប់ធ្វើចត្តាឡីស័កប្រាកដមែន ប៉ុន្តែមិនបង្ហាញអំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យបុរសនោះស្លាប់នោះនៅឡើយទេ ដោយសារតែកំពុងធ្វើការស្រាវជ្រាវ និង បានយកសំណាករបស់បុរសនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីដឹងថា តើបុរសនោះមានផ្ទុកមេរោគកូវីដ១៩ ឬក៏អត់ និងដើម្បីរកមូលហេតុផ្សេងទៀតដែលនាំឲ្យបុរសនោះស្លាប់។
មន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំបានដាក់ការសង្ស័យជំហានដំបូងថា បុរសនោះប្រហែលជាលួចទិញថ្នាំពីខាងក្រៅ យកទៅលេប ហើយលេបច្រឡំ ក៏បណ្តាលឲ្យប្រតិកម្មរហូតដល់ស្លាប់ ឬ អាចគាំងបេះដូង។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ កក្កដា ២០២០នេះ ។
សូមបញ្ជាក់ថា មកទល់នឹងម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៣ កក្កដានេះ ក្រសួងសុខាភិបាលនៅមិនទាន់ចេញសេចក្តីប្រកាសព័ត៌មានអំពីមូលហេតុនៃការស្លាប់របស់បុរសនោះនៅឡើយទេ ខណៈកម្ពុជាមិនទាន់មានមនុស្សណាម្នាក់ស្លាប់ដោយសារមេរោគកូវីដ១៩នោះដែរ ដោយមានតែអ្នកឆ្លងសរុប១៩៨នាក់ បូកទាំងមួយករណីថ្មីដែលបង្ហាញនៅព្រឹកមិញ ហើយក្នុងចំណោមអ្នកឆ្លង១៩៨នាក់នោះ គឺមានអ្នកជាសះស្បើយសរុប ១៤២នាក់ ៕