លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទទួលបន្ទុកគ្រឿងញៀន ត្រូវបានសាលាដំបូងខេត្តព្រៃវែងចោទប្រកាន់ពីបទ«លក់អាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ក្រោយលោកផ្កាយ១រូបនេះ ត្រូវបានគេរកឃើញថា បានលក់អាវុធឲ្យជនសង្ស័យម្នាក់ចេញធ្វើសកម្មភាពប្លន់រថយន្តតាក់ស៊ីមួយគ្រឿងនោះរួចមក ។
ប្រភពថា លោក ថោង វណ្ណឌី បានលក់អាវុធឲ្យជនសង្ស័យ នៅភោជនីយដ្ឋានម្លប់ស្វាយ ភូមិកំពង់លាវ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។
ការបែកធ្លាយនូវព័ត៌មានខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមេប៉ូលិសជាតិ លោកផ្កាយ៤ នេត សាវឿន កាលពីថ្ងៃទី២៧ កក្កដា ២០២០ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នលើលោក ថោង វណ្ណឌី និង កូនចៅ៦នាក់ទៀត ពាក់ព័ន្ធករណីធ្វើទារុណកម្មនិងជំរិតទារប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ។
ចំណែកជនសង្ស័យដែលទិញអាវុធពីលោកផ្កាយ១ ថោង វណ្ណឌី អាយុ៤៣ឆ្នាំ គឺឈ្មោះ ជុត ជីវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ មានតួនាទីជានាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងក៍ត្រូវបាន លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ផងដែរពីបទ «លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សានិងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មាលលេខ ផ្លូវថៃហ្គ័រ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ តាមមាត្រា៣៥៣និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ។
មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីលោក ថោង វណ្ណឌី ជុំវិញការបែកធ្លាយព័ត៌មានខាងលើនេះ ។
នៅពេលនេះ ជនសង្ស័យទាំងពីរនាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់ ៕