ប្រុងប្រយ័ត្ន ! យួនរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤៥នាក់ទៀតហើយ

អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​ថា​ខ្លួន​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី ចំនួន​៤៥​នាក់​ទៀត ដែល​ជា​ករណី​ឆ្លង​តាម​សហគមន៍ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​សរុប​កើន​ដល់​៩៣​នាក់​ហើយ ។​

​បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​វៀតណាម​បាន​បញ្ជាក់​ថា ករណី​រក​ឃើញ​ថ្មី​៤៥​នាក់​នៅ​ក្នុង​ទីក្រុង​ដា​ណា​ង​ភាគ​កណ្តាល​វៀតណាម​នេះ គឺជា​ករណី​ឆ្លង​ខ្ពស់​បំផុត គិត​ចាប់តាំងពី​ការ​ឆ្លង​រាលដាល​ពី​ខែមករា​មក ។​

​ជាមួយ​គ្នា​នេះ អាជ្ញាធរ​វៀតណាម​បាន​ដាក់​ចេញ​ជា​វិ​ធនា​ការ​ជា​ច្រើន ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ក្នុង​សហគមន៍​ដែល​ជា​ក្តី​ព្រួយបារម្ភ​បំផុត​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ ក្នុង​នោះ​អាជ្ញាធរ​វៀតណាម​ក៍បាន​ប្រើប្រាស់​វិធានការ​តាម​ទូរស័ព្ទ​ដៃ ដោយ​ផ្ញើ​សារ​ជា​អក្សរ​ទៅ​កាន់​ប្រជាជន​ប្រមាណ ៩៥​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស និង​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ដា​ណា​ង ត្រូវ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ជា​បន្ទាន់ ។​

​គិត​ត្រឹម​ម៉ោង​១១​និង​១៧​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ កក្កដា​នេះ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​កើន​ដល់​៥០៩​នាក់ ក្នុង​នោះ​៣៦៩​នាក់​បានជា​សះស្បើយ និង​បាន​រាលដាល​ក្នុង​ខេត្ត​-​ក្រុង​ចំនួន​៦ តែ​ក្នុង​រយៈពេល​៦​ថ្ងៃ​ប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ដា​ណា​ង​នោះ​រួច​មក លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀ​ន សួន​ហ្វុ​ក (Nguyen Xuan Phuc) បាន​អំពាវនាវ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ដែរ​ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​ជា​ប្រចាំ​ពេល​ចេញដំណើរ​ទៅ​ណា​មក​ណា​និង​ប្រកាស​បិទ​ការ​ហោះហើរ​ចេញចូល​ពី​ក្រុង​ដា​ណា​ង​ទាំងអស់ ហើយ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង​នេះ ក៏​មិន​អនុញ្ញាត​ដែរ លើកលែងតែ​ករណី​ចាំបាច់​។ ក្រៅពី​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​ជិតខាង​កម្ពុ​ជាមួយ​នេះ ក៏​បាន​ចាត់វិធានការ​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​ផង​ដែរ ដោយសារ​បារម្ភ​ពី​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​អាច​ចម្លង COVID-19 កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​វៀតណាម​៕