អនុប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី បានលើកឡើងថា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំដែលទទួលកិច្ចការព្រំដែន គឺសុទ្ឋតែបានដាក់ជីវិតដើម្បីការពារទឹកដីកម្ពុជា ។
នៅក្នុងការឆ្លើយតបទៅនឹងមនុស្សមួយចំនួន ដែលអ្នកស្រីចោទថា ជាមន្ត្រីនិងក្រុមអ្នកគាំទ្របក្សប្រឆាំងបានស្រង់យកការពន្យល់លម្អិតរបស់អ្នកស្រី គឺហាក់ជាធ្វើឲ្យប្រជាជនឬសាធារណជន យល់ច្រឡំលើអ្នកស្រី ហើយស្តាប់ទៅហាក់ដូចជា អ្នកស្រី មិនសូវខ្វល់ខ្វាយឬបារម្ភពីទឹកដី ខណៈកម្លាំងបរទេសចូលមកឈរជើងលើទឹកដីកម្ពុជា ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកស្រី កុយ ពិសី បានសរសរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកស្រីយ៉ាងដូច្នេះ«+ថ្ងៃនេះ មានជនដែលមានទម្លាប់បន្លំបោកប្រាស់ និងបំផ្លើសពាក្យសម្តីរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ចតាទុច្ចរឹតរបស់ខ្លួន បានច្បិចយកបទសម្ភាសន៍របស់ខ្ញុំនៅវិទ្យុបារាំង RFIថា ការបោះតង់របស់វៀតណាមគឺជារឿងតូចតាច ប៉ុន្តែគេពុំបានបន្តស្រង់យកការពន្យល់របស់ខ្ញុំមកជូនអ្នកស្តាប់នោះទេ ធ្វើឲ្យអ្នកមើល Fb របស់ជនអគតិមានការ យល់ខុសមកលើខ្ញុំ។
+យើងខ្ញុំ និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេចតេជោ បានដាក់ទាំងជិវិតដើម្បីការពារទឹកដីមួយនេះរហូតមក ដូច្នេះគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំមិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ គឺការពារឲ្យបាន បូរណភាពទឹកដី និងមិនឲ្យបរទេសណាមកបំពានកម្ពុជា ហើយកម្ពុជាក៏មិនបំពានទឹកដីគេវិញដែរ។
+សំណួរដែល RFI សួរខ្ញុំថា គណៈកម្មការព្រំដែនអត់ច្បាប់ដែលកំពុងរស់នៅលើទឹកដីគេនោះ បានស្នើឲ្យរដ្ឋាភិបាលប្តឹងទៅអន្តរជាតិពីការដែលវៀតណាមបោះតង់ក្នុងដីកម្ពុជា តើខ្ញុំយល់ថាម៉េច0x017d7 ខ្ញុំថា រឿងនេះ ខាងព្រំដែន ខាងមហាផ្ទៃ បាននឹងកំពុងធ្វើការងារនេះ ហើយៗវាជារឿងដែលយើងអាចនិយាយគ្នាបាន ជា ទ្វេភាគី មិនមែនធំដុំដោះស្រាយមិនចេញ ហើយចាំបាច់ទៅរកគេជួយនោះទេ។ កម្ពុជាបានធ្វើការតវ៉ាតាមរយៈក្រសួងការបរទេសមួយដងជាពីរដងទៅវៀតណាមហើយៗវៀតណាមថា អស់ Covid គេនឹងដក ចេញ។
+តាមរយៈសារនេះ ខ្ញុំសូមជម្រាបជូនបងប្អូនថា តង់ដែលវៀតណាមបោះជាង ៤០ កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដីវៀតណាម ហើយក៍មិនទាន់ជាដីកម្ពុជា ពេញលេញនោះដែរ ប្រទេសទាំងពីរត្រូវបន្តការពិភាក្សារកចំណុចឯកភាពបន្តទៅទៀត។ ហេតុនេះ ជន អគតិទាំងនោះ កុំចេះតែបំភ្លៃរឿង កុំចេះតែញុះញង់មិនមែនចេះស្រលាញ់ជាតិអីតែអស់លោកឯងនោះទេ យើងខ្ញុំទាំងអស់គ្នានៅទីនេះ ប្រឹងប្រែងណាស់ទើបកសាងជាតិបានប៉ុន្នេះ ជាមោទនៈសម្រាប់កម្ពុជាណាស់ទៅហើយ។ សូមកុំបំផ្លាញជាតិច្រើនជាងនេះ នោះអ្នកនឹងគ្មានវាសនាល្អឡើយ៕៚»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្មីៗនេះបានផ្ញើកំណត់ទូតមួយទៅកាន់ក្រសួងការបរទេសវៀតណាម ដើម្បីស្នើឱ្យរដ្ឋាភិបាល ប្រទេសវៀតណាម រុះរើទីតាំងយោធាទាំងអស់ចេញពីតំបន់ព្រំដែន ដែលតំបន់នោះពុំទាន់បានឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនៅឡើយ។
កំណត់ទូតកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីយោធាវៀតណាម បានបោះតង់ចំនួន៣១កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។ ការបោះតង់យោធានេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ បន្ទាប់ពីវៀតណាមបានរឹតបន្តឹងចំពោះការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដែលជាវិធានការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩។
ជាកិច្ចឆ្លើយតប លោកង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានពន្យល់អភិបាលខេត្តកណ្ដាល អំពីវិធានការរបស់ខ្លួនទប់ស្កាត់ការឆ្លងដែន ចូលដោយខុសច្បាប់ និងការបង្ការការចម្លងជំងឺកូវីដ១៩។ ទោះជាយ៉ាងណា លោកអះអាងថា ខេត្តអានយ៉ាង បានធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ចឲ្យធ្វើការរើចេញ នូវបណ្ដាទីតាំង ធ្វើពីតង់កៅស៊ូនេះទាំងអស់ដែលជាប់ព្រំដែនជាមួយខេត្តកណ្ដាល ហើយជាមូលដ្ឋាន ការរើចេញនូវបណ្ដាទីតាំងបញ្ជាការនេះ គឺមិនប៉ះពាល់ដល់ការងារគ្រប់គ្រងព្រំដែន និងការត្រួតពិនិត្យ បង្ការការឆ្លងជំងឺកូវីដ១៩ នោះទេ។
ទោះជាយ៉ាងនេះក្តី បើតាមរបាយការណ៍ចុងក្រោយ នាព្រឹកថ្ងៃទី២៣ ឧសភា ២០២០កន្លងទៅ ភាគីវៀតណាមទើបតែបានរុះរើ នៅតង់ទីតាំងយោធាចេញចំនួន៣ទីតាំងតែប៉ុណ្ណោះ មិនទាន់មានការរុះរើបន្ថែមទៀតឡើយ ចំណែកការងារនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាធម្មតា៕