បើតាមរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កំណាត់ផ្លូវលេខ១៤៦បេ ពីស្រុកស្ទឹងហាវមកកាន់ស្រុកព្រៃនប់ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារកំណាត់ផ្លូវនេះរងការខូចខាតដោយសារការបាក់ដី និងត្រូវការធ្វើការជួសជុលជាបន្ទាន់ ។
រដ្ឋបាលខេត្តព្រះសីហនុក៏ចេញសេចក្ដីជូនដំណឹងផងដែរថា ឥទ្ធិពលព្យុះទី៣ ស៊ីនឡាគូ(SINLAKU) នឹងធ្វើឲ្យខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ច្រើនអាចប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) ជាមួយនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ដូច្នេះ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ និងអ្នកប្រកបរបរនេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរតាមផ្លូវទឹក ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។
ចំណែកក្រសួងធនធានទឹកនិងឧតុនិយមក៍បានចេញប្រកាសឲ្យដឹងដែរថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ព្យុះស៊ីនឡាគូ មានប្រភពមកពីសមុទ្រចិនខាងត្បូង នឹងបោកបក់មកលើប្រទេសកម្ពុជា ដែលធ្វើឱ្យស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសមានភ្លៀងធ្លាក់ខ្លាំង និងអាចមានជំនន់ទឹកភ្លៀង។
បើតាមក្រសួងធនធានទឹក និងឧតុនិយម បណ្ដាខេត្តដែលនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ខ្លាំង និងកើនឡើងជាបន្តបន្ទាប់ ហើយអាចប្រឈមខ្ពស់ទៅនឹងជំនន់ទឹកភ្លៀង។ ចំណែកឯបណ្ដាខេត្តដែលនៅជាប់មាត់សមុទ្រវិញ ក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្លាំង ព្រមទាំងមានខ្យល់បោកបក់ និងរលកសមុទ្រខ្ពស់ៗ៕