មនុស្ស២នាក់ រត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង ម៉ោង៤ល្ងាចថ្ងៃនេះ

ខេត្តព្រៃវែង ៖ មនុស្ស​២​នាក់ ទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃនេះ ពេលកំពុងរៀបភ្លៀង ក្នុង​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ ​។
រហូត​មក​ដល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​នាំ​ខ្លួន​មនុស្ស​ទាំង​២​នាក់​នេះ ត្រឡប់​មក​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​។

អ្នក​ទាំង​២​នេះ ទី​១៖​ឈ្មោះ កំសត់ វិស័យ អាយុ​២១​ឆ្នាំ និង​ទី​២៖​ឈ្មោះ ច​ន កំ​សាន អាយុ​៣២​ឆ្នាំ បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្ដា​ឡី​ស័ក ក្នុង​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន កំពង់លាវ ស្ថិត​ក្នុង​ព្រៃវែង នៅ​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច​នេះ​ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​អះអាង​ថា មនុស្ស​ទាំង​ពីរ​នាក់​ដែល​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ បាន​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។ ពួក​គេ​ត្រូវ​បាន​មន្ដ្រី​សុខាភិបាល យក​សំណាក​ទៅ​ពិនិត្យ​ចំនួន​៣​លើក​មក​ហើយ ពោល​នៅ​ថ្ងៃ​ទី​២៣, ២៦, ២៩​កន្លង​ទៅ ហើយ​នៅ​ថ្ងៃ​ទី​០៦ ខែសីហា នឹង​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​បន្ដ​ទៀត ប៉ុន្ដែ​ស្រាប់តែ​ពួក​គេ​រត់​ចេញ​នៅ​ថ្ងៃនេះ​តែ​ម្ដង​ ៕