ក្រុមប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន ពិសេសពុទ្ឋបរិស័ទខ្មែរបានសម្តែងការមិនសប្បាយចិត្តនិងស្នើឲ្យក្រសួងជំនាញធ្វើការចុះពិនិត្យនូវរូបចម្លាក់នានាដែលម្ចាស់រូបបានឲ្យជាងឆ្លាក់ខុសពីទម្រង់ដើម ធ្វើឲ្យប៉ះពាល់ដល់វប្បធ៌មប្រពៃណីនិងសាសនារបស់ជាតិខ្មែរ។
បុរសឈ្មោះ សុគន្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បានប្រាប់«អង្រុត»ថា លោកបានឃើញរូបចម្លាក់មួយចំនួន ត្រូវបានគេឆ្លាក់ខុសពីទម្រង់ដើមដូចជារូបព្រះបាទជ័យវរ្ម័នទី៧ រូបសម្តេចសង្ឃ ជួន ណាត ឬ ព្រះពុទ្ឋរូបផ្សេងៗ ជាដើម ។
លោកថា បញ្ហានេះ អាជ្ញាធរដែនដី ពិសេសក្រសួងជំនាញដូចជាក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ក្រសួងធម្មការនិងកិច្ចការសាសនា គួរចុះពិនិត្យរួមគ្នានៅតាមសិប្បកម្មឆ្លាក់រូបនានា និងធ្វើការណែនាំដល់ជាងចម្លាក់កុំឲ្យទទួលធ្វើរូបណាដែលខុសពីទម្រង់ដើម ។
រីឯក្រុមអ្នកតាមដានសង្គមមួយចំនួន ក៍បានលើកឡើងដែរថា បញ្ហានេះ គឺជាកំហុសរបស់អ្នកផ្តើម ឬម្ចាស់រូប ដែលកុម្ម៉ង់ (Order) និងបានចោទសួរថាតើអ្នកដែលកុម្ម៉ង់ឲ្យឆ្លាក់រូបខុសពីទម្រង់ដើម គាត់មានចេតនាអ្វីឲ្យពិតប្រាកដ ហើយតើគាត់ជាខ្មែរ ឬជាជាតិអ្វីផ្សេង ? ។
ក្រុមអ្នកតាមដានសង្គមបានលើកទៀតថា ប្រសិនបើម្ចាស់រូបកុម្ម៉ង់ឲ្យជាងឆ្លាក់ខុសពីទម្រង់ដើម គឺមានតែពួកគេមិនមែនជាជាតិសាសន៍ខ្មែរ ហើយពិតណាស់គឺមានចេតនាលុបបំបាត់អត្តសញ្ញាណជាតិ ប្រពៃណី វប្បធ៌មរបស់ខ្មែរដែលមានតាំងពីសម័យបុរាណរាប់រយឆ្នាំមកហើយ ។
នៅល្ងាចថ្ងៃទី១១ សីហានេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ក៍ដូចជាក្រសួងធម្មការនិងកិច្ចការសាសនា ៕