មួយថ្ងៃមុនពេលសហភាពអឺរ៉ុប(EU) សម្រេចកាត់ ឬមិនកាត់ផ្នែកខ្លះនៃប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជា រដ្ឋាភិបាលថាខ្លួនបានត្រៀមថវិកាជាតិជាង១០០០លានដុល្លារ ដើម្បីទប់ទល់សេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើ EU សម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ឋអនុគ្រោះពន្ឋនោះ ។
នេះបើយោងតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកមាស សុខសេនសាន ដែលថ្លែងប្រាប់ FN នៅថ្ងៃទី១១ សីហា ២០២០ ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងដូច្នេះ «ពាក់ព័ន្ធនឹង EBA នេះ ក្រសួងសេដ្ឋកិច្ច បានត្រៀមថវិកាតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ មុនពេលមានកូវីដ១៩ទៅទៀត យុទ្ធសាស្ត្រទាំងអស់ដែលបានរៀបចំមុនពេលកូវីដយើងនៅប្រើ ហើយបូកថែមនឹងកូវីដ១៩ទៀត […] សំខាន់បំផុតក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺយើងត្រៀមថវិការាប់លាន ដើម្បីទប់ទល់នឹង EBA ប៉ុន្តែបើសិនយើងគិតទាំង EBA និងកូវីដ១៩ មានថវិកា១,១៦៤លានដុល្លារ»។
តាមការគ្រោងនៅថ្ងៃទី១២ សីហាស្អែកនេះ គឺជាថ្ងៃកំណត់ដែលសហភាពអឺរ៉ុបនឹងសម្រេចថាតើដក ឬមិនដក ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា បន្ទាប់ពី EU កាលពីថ្ងៃទី១២ កុម្ភៈ ២០២០ បានចេញសេចក្តីសម្រេចរបស់ខ្លួន កាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេនៅយប់ថ្ងៃអង្គារនេះ ។
យ៉ាងណាក៍ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈជាច្រើនដងមកហើយថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរនឹងការអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនោះទេ ព្រោះយូរ និងឆាប់ EBA វាគង់តែនឹងបាត់។
ការសម្រេចកាត់ EBA គឺសហភាពអឺរ៉ុប ដោយសារ EU យល់ថា កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យប្រសើរឡើងវិញនូវបញ្ហាគោរពសិទ្ឋិមនុស្ស ដោះលែងអ្នកទោសនយោបាយ ពិសេសដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និង អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតឡើងវិញ ៕