យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សប្រុសស្រី២៩នាក់ផ្សេងទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្របានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុរថយន្តដាច់ហ្វ្រ័ងជ្រុលទៅបុករថយន្តដឹកកម្មករ ចំនួន៣គ្រឿង នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១.២១២ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៧កន្លះយប់ថ្ងៃ១១សីហា ឆ្នាំ២០២០នេះ។
បើតាមសមត្ថកិច្ចមូលដ្ឋានគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ3A-7073ជារបស់ក្រុមហ៊ុន SP ។ អ្នកបើកបរឈ្មោះ កែវ សៅភី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបើកពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ពេលមកដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោតរថយន្តនេះដាច់ហ្វ្រ័ងក៏ជ្រុលទៅបុករថយន្តចំនួន៣គ្រឿងដែលបើកក្នុងទិសដៅស្របគ្នា ។
ប្រភពបន្តថា ក្រោយកើតហេតុមួយសន្ទុះក៏មានរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក international ពណ៌ប្រាក់ ពាក់ស្លាកលេខភ្នំពេញ3D-6269 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានគេចរថយន្តម៉ាកLEXUS RX330 (ដែលជួបគ្រោះថ្នាក់ករណីទី១កណ្តាលផ្លូវ) ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃបុករះម៉ូតូចំនួន ៤គ្រឿងដែលឈប់ចតមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ។
បើតាមសមត្ថកិច្ចអ្នកស្លាប់ឈ្មោះឆឹង ប៊ុនឆេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ស្លាកខេត្តព្រះសីហនុ3A-7073 ក្រុមហ៊ុន SP ឈ្មោះ កែវ សៅភី ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
រីឯវត្ថុតាង រថយន្តចំនួន ០៥គ្រឿង ខូចខាតធ្ងន់ និង ម៉ូតូ ចំនួន ០៤គ្រឿង ខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕