លោកផ្កាយ១ ខឹងស្រ្តីម្ចាស់ហាងមិនស្រឡាញ់ ដកកាំភ្លើងគំរាមបាញ់

ជនសង្ស័យ​ម្នាក់​មាន​តួនាទី​ជា​អនុ​ប្រ​ធា​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​សួរនាំ ក្រោយ​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​គំរាម​បាញ់​ស្ត្រី​ម្នាក់ ព្រោះតែ​សុំ​ស្នេហ៍​នាង​មិន​បាន ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ សីហា​២០២០ នៅ​ហាង​ផឹកស៊ី យីហោ «​វិមាន​ព្រិល​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ១៦៣ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​

​បើ​តាម​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ជិន សាមី​ឌី អាយុ​៣២​ឆ្នាំ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី (​ផ្កាយ​១)​មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន ទីលំនៅ​ផ្ទះ​លេខ ១៥V ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​។​

​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ី​វិល បាន​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ នគរបាល 2.7119 បាន​ចូល​ទៅ​ហាង​ផឹកស៊ី​ខាងលើ ខណៈ​ស្រវឹង​ស្រឿង​ៗ បុរស​ម្នាក់​នោះ​បាន​សុំ​ស្នេហ៍​ពី​ម្ចាស់​ហាង ក៏​ប៉ុន្តែ​ស្ត្រី​ម្ចាស់​ហាង​បាន​ប្រតិកម្ម ដើម្បី​ការពារ​សិទ្ធិ និង​កិត្តិយស​របស់​ខ្លួន បង្ក​ឱ្យ​បុរស​នោះ​មាន​ភាព​អាម៉ាស់ និង​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយសារ​ការ​ចែចង់​សុំ​ស្នេហ៍​មិន​បាន ហើយ​ក៏​ស្រាប់តែ​ផ្ទុះ​ហិង្សា​ជាមួយ​ម្ចាស់​ហាង មួយ​ប្រាវ រួច​ក៏​បើករថយន្ត ចេញ​បាត់​ទៅ ។​

​ប្រភព​បន្ត​ថា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បើករថយន្ត​មក​ហាង​ផឹកស៊ី ” វិមាន​ព្រិល ” វិញ បាន​ដក​កាំភ្លើង​គំរាម​បាញ់ ត្រូវ​បាន​ម្ចាស់​ហាង រាយការណ៍​ទៅ​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​ចំការមន ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​។ កងកម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​ភ្លាម​ៗ តែ​ជន​បង្ក​បាន​ឡើង​រថយន្ត បើក​គេច​ចេញ ពី​កន្លែង​កើតហេតុ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​ពីក្រោយ រហូត​ដល់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ទើប​ឃាត់​រថយន្ត និង​បុរស​ម្នាក់ ដែល​ជា​ខ្មាន់កាំភ្លើង​នោះ​បាន ហើយ​ក៏​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​វិញ​។​

​មក​ទល់​នឹង​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​មាន​ព័ត៌មាន​ណា​ទម្លាយ​ឲ្យ​ដឹង​ពី​ដំណោះស្រាយ ឬ វិធានការ​ច្បាប់​បែប​ណា​នៅឡើយ​ទេ ក្រោយ​ពេល​លោក​ផ្កាយ​១ ចិត្ត​ភ្លើង និង ស្ត្រី​ម្ចាស់​ហាង​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ ត្រូវ​បាន​សមត្ថកិច្ច នាំ​មក​សាកសួរ​ពី​មូលហេតុ និង​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​រួច​មក ៕