បើគ្មានអ្វីប្រែប្រួលនោះទេ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីសឹ (Toshimitsu Motegi )នឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃសុក្រនេះ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី២១ដល់ថ្ងៃទី២៣ សីហានេះ លោក ម៉ូតេហ្គី តូស៊ីមីសឹ នឹងចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនពេលជួបពិភាក្សាផ្លូវការទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។
យ៉ាងណាសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១២ សីហា មិនបានបញ្ជាក់លម្អិតអំពីដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូតជប៉ុននោះទេ ដោយគ្រាន់តែបញ្ហាទ្វេភាគីនិងពហុភាគីមួយចំនួន ដែលជាចំណាប់អារម្មណ៍រួម នឹងត្រូវលើកយកមកពិភក្សានៅក្នុងជំនួបរវាងប្រមុខការទូតទាំងពីរ ។
ក្រសួងការបរទេសខ្មែរបានបញ្ជាក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឹ នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ហើយក៍ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៍ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។
ចំណែកក្រុមអង្គការសង្គមស៊ីវិលមួយចំនួនទាំងក្នុងនិងក្រៅស្រុក ដូចជាអង្គការឃ្លាំមើលសិទ្ឋិមនុស្ស (Human Right Watch) ដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅមុនដំណើរមកដល់របស់លោក ម៉ូតេហ្គី តូស៊ីមីសឹ បានស្នើឲ្យលោកប្រមុខការទូតជប៉ុន លើកឡើងអំពីបញ្ហាគោរពសិទ្ឋិមនុស្សជាមួយនឹងរដ្ឋមន្ត្រីការបរទេសខ្មែរផងដែរ ។
ជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន ក៍ធ្វើឡើងចំពេលដែលបញ្ហាសមុទ្រចិនខាងត្បូង បាននិងកំពុងតែឡើងកម្តៅបន្តិចម្តងៗ នៅពេលដែលចិនហាក់បង្ហាញឥទ្ឋិពលកាន់តែខ្លាំង មានទាំងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់សមុទ្រចិនខាងត្បូង ធ្វើឲ្យភាគីនៅក្នុងជម្លោះដូចជាវៀតណាមជាដើម បានប្រកាសចោទប្រកាន់ចិនពីការបង្កអសន្តិសុខនៅក្នុងតំបន់៕