មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ចាត់ទុកសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលរិះគន់លើវិធានការរបស់រដ្ឋាភិបាល ក្នុងការចាប់ខ្លួនពលរដ្ឋថា គ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឡើងដើម្បីកេងចំណេញនយោបាយ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ទាប់ពីក្រុមសង្គមស៊ីវិលចំនួន៧៩នៅកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានរួមគ្នាស្នើដល់រដ្ឋាភិបាល បញ្ឈប់រាល់ការប្រើអំពើហិង្សា និងការចាប់ខ្លួនទៅលើពលរដ្ឋដែលហ៊ានចេញមុខតស៊ូមតិដោយអហិង្សា ដោយពួកគេថា សកម្មភាពទាំងនេះមិនមែនជាទង្វើខុសច្បាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកដោយចាត់ទុកអង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញថា ជាអង្គការសមាគមដែលមិនមានសកម្មភាពអ្វី ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថ្លែងការណ៍នយោបាយ ក្នុងការការពារក្រុមគោលដៅនយោបាយ និងរិះគន់វិធានការច្បាប់របស់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។
លោកបន្តថា ការចាប់ខ្លួនអ្នកជួបជុំតវ៉ាកន្លងមក ដើម្បីទប់ស្កាត់អំពើហឹង្សា និងភាពចលាចលក្នុងសង្គម ដែលលោកថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដទៃ បើទោះបីជាការតវ៉ារបស់ក្រុមយុវជនធ្វើឡើងដោយសនិ្តវិធីក៏ដោយ។
លោកថា៖ «រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យផងដែរនោះ គឺជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការដើម្បីទប់ស្កាត់ ហើយអ្នកតវ៉ាក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរដែលមានជាធរមាន»។
លោកបានបន្ថែមថា តុលាការ ជាស្ថាប័នឯករាជ្យ គ្មានជនណា ឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធនិងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ ហើយការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធ និងទាមទាឱ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យដែរ។
ដោយឡែកចំពោះអ្នកបញ្ចេញមតិរឿងព្រំដែនវិញ លោក ជិន ម៉ាលីន ថា មិនមែនជាការអនុវត្តសិទ្ធិនោះទេ ដោយលោកហៅអ្នកបញ្ចេញមតិទាំងនោះថា ជាការបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រវតាមផ្លូវច្បាប់ដែលមានជាធរមាន។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ ពីបទ «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ។
ក្រោយពីចាប់ខ្លួន លោក រ៉ុង ឈុន ក្រុមយុវជននៃក្រុមខ្មែរថាវរៈបាននាំគ្នាធ្វើសកម្មភាពតវ៉ាមួយចំនួនដូចជា ការប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងធ្វើយុទ្ធនាការដើរតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
នៅពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២០ យុវជនចំនួន ៦នាក់ ដែលសកម្មជន ក្នុងការទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមាន៤នាក់ត្រូវបានដោះលែងវិញ ក្រោយពួកគេព្រមចុះកិច្ចសន្យាឈប់តវ៉ា រីឯ២នាក់ទៀត ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន។
ដោយឡែកប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃ១៤ សីហា ឆ្នាំ២០២០ ក្រោមចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស មកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម»៕
ប្រភព ៖ VOD