មកទល់នឹងម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី០១ កញ្ញា ២០២០នេះ សំណុំរឿងបុរសម្នាក់ដែលគេមើលឃើញថាមានមុខមាត់ស្រដៀងជនជាតិវៀតណាម ឬ ចិន ហើយបានធ្វើសកម្មភាពយកកាំំភ្លើង AK ស្វាយបត់ពីក្នុងរថយន្តគំរាមភាគីទំនាស់ ដែលហេតុការណ៍កើតឡើងនៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនោះ ត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់បែបណានោះនៅឡើយទេ ។
នៅវេលាខាងលើដដែលនេះ «អង្រុត» ក៍មិនអាចរកការសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយដែរពីមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
នៅព្រលប់ថ្ងៃម្សិលមិញ ក្រោយពេលបែកធ្លាយវីដេអូឃ្លីបនៅលើបណ្តាញសង្គមហ្វេសប៊ុក សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវនិងបានដឹងពីអត្តសញ្ញាណភាគីទំនាស់មួយចំនួន ជាពិសេសគឺបុរសដែលគេបង្អាប់ថាមានមុខមាត់ស្រដៀងជនជាតិវៀតណាម ឬចិន គឺជាកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ហើយដែលលោកឧកញ៉ានេះមានរហស្សនាមតាមបែបសមត្ថកិច្ចគឺ ០៩ ទាំងមិនដឹងថាលោកឧកញ៉ាជាមន្ត្រីរាជការសាធារណៈឬយ៉ាងណា ? ។
យ៉ាងណា សមត្ថកិច្ចក៍មិនទាន់បានបង្ហាញអំពីអត្តសញ្ញាណកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ថាតើមានឈ្មោះអ្វី ហើយមានតួនាទីអ្វី បម្រើការងានៅក្នុងអង្គភាពរដ្ឋណា បានជាមានកាំភ្លើង AK កាន់យកដាក់តាមខ្លួននិងទៅគំរាមភាគីទំនាស់ដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះនៅឡើយដែរ ? ។
ក្រុមអ្នកតាមដានសង្គមនិងមហាជនមួយចំនួនបានលើកឡើងថា សំណុំរឿងខាងលើមិនមានអ្វីចម្លែកនោះទេ ព្រោះសំណុំរឿងប្រហាក់ប្រហែលនេះ វាធ្លាប់បានកើតឡើងនៅក្នុងសង្គមច្រើនលើកមកហើយ ។
ម្យ៉ាងកុំថាឡើយដល់កូនឧកញ៉ានេះ ឧកញ៉ានោះមានកាំភ្លើងប្រើប្រាស់ សូម្បីតែមេការសំណង់ ក៍មានកាំភ្លើងកាន់ប្រើប្រាស់និងយកទៅបាញ់គំរាមគេនោះថែមទៀត ..។
ក្រុមអ្នកតាមដានសង្គមមួយចំនួនក៍បានស្តីបន្ទោសបញ្ហានេះ ទៅលើស្ថាប័នជំនាញពាក់ព័ន្ឋដែលមានការឆកល្វែងក្នុងការគ្រប់គ្រងអាវុធ ។
ក្រុមអ្នកតាមដានសង្គមក៍បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ឋជួយពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យមានប្រសិទ្ឋភាពខ្ពស់ និងចាត់វិធានការច្បាប់យ៉ាងតឹងរឹងទៅលើជនខិលខូចមួយចំនួនតូចដែលលួចលក់អាវុធទៅឲ្យអ្នកមានទ្រព្យសម្បត្តិលុយកាក់ ព្រមទាំងបោសសម្អាតឲ្យដល់ប្ញសគល់នូវទីតាំងលួចលាក់អាវុធលក់ ។
បើធ្វើបែបនេះបាន នោះការបាញ់បោះសេរីបែបអនាធិបតេយ្យ និងការប្រើប្រាស់អាវុធខុសច្បាប់ អាចនឹងកាត់បន្ថយបានច្រើន ហើយសុវត្ថិភាពសង្គមក៍នឹងល្អប្រសើរផងដែរ ៕