រាជធានីភ្នំពេញ ៖ បុរសជាប្តី ជាមន្ត្រីយោធា ទំនងប្រចណ្ឌប្រពន្ធខ្លួន ទើបដកកាំភ្លើងខ្លី គំរាមរកបាញ់ប្រពន្ធ ។ ចំណែកម្តាយក្មេកនិងឪពុកក្មេករត់ចែកជើងគ្នាព្រាតខ្លាចកាំភ្លើងខ្លី ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំនុចក្លិបហាត់ប្រាណដើម្បីសុខភាព ផ្លូវបេតុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការបង្ហើបឲ្យដឹងពីម្តាយបង្កើតនារីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ទុយ រាសី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅចំនុចកើតហេតុខាងលើ ។ ចំណែកបុរសចិត្តខ្លាំងជាប្តីមានឈ្មោះ ហាវ ប៉ាវថុង អាយុ៤៩ឆ្នាំ មុខរបរយោធា ស្នាក់នៅជាមួយគ្នា ។
ស្ត្រីជាម្តាយនារីរងគ្រោះខាងលើបានបន្តទៀតថា ជារៀងរាល់ថ្ងៃ កូនប្រសាចិត្តកំណាចរូបនេះ តែងតែរករឿងកូនស្រីគាត់ជាច្រើនលើកច្រើនដងមកហើយ ថែមទាំងគំរាមអារកកូនស្រីគាត់ថែមទៀតផង លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានយកកាំបិត និងកាំភ្លើងមកភ្ជង់គំរាមប្រពន្ធរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី២ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះទៅអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជនទៅធ្វើការសាកសួនៅបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ។
បច្ចប្បន្ន ជនសង្ស័យរួម និងអាវុធខ្លី ជាវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕