ទីបំផុតទៅសាលារាជធានីភ្នំពេញ បានបដិសេធមិនឲ្យក្រុមយុវជនដែលមានឈ្មោះថា«ខ្មែរថាវរៈ»ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដែលស្ថិតនៅខាងក្រោយស្ថានអាមេរិកនោះទេ ដោយសំអាងថា ក្រុមយុវជនមកពីក្រុម«ខ្មែរថាវរៈ»នោះ មិនគោរពតាមកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញដែលអនុញ្ញាតឲ្យមានការជួបជុំធ្វើបាតុកម្មដោយមានអ្នកចូលរួមមិនលើសពី២០០នាក់។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ RFI ថា «ការដែលអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឲ្យក្រុមយុវជនធ្វើបាតុកម្មនៅដើមខែកញ្ញានេះ គឺដោយសារតែក្រុមយុវជនមិនគោរពតាមខ្លឹមសារនៃកិច្ចប្រជុំ ដែលថាការជួបជុំនៅទីលានប្រជាធិបតេយ្យនឹងមិនឲ្យមានអ្នកចូលរួមលើសពី២០០នាក់នោះទេ។ អ្នកនាំពាក្យសាលាក្រុងរូបនេះ បញ្ជាក់ថាក្រុមយុវជនបានធ្វើការអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់ពួកគេជាសាធារណៈដោយសុំឲ្យមានការចូលរួមដោយសេរីនៅក្នុងការទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន និងសកម្មជនដទៃទៀត ដែលជាប់ឃុំដោយសារការតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។ »។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ សីហា ២០២០ តំណាងក្រុមយុវជន«ខ្មែរថាវរៈ» បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការធ្វើបាតុកម្មដោយអហិង្សានៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ កញ្ញា ២០២០ ដើម្បីទាមទារឲ្យមានយុត្តិធម៌សង្គម។ ទោះយ៉ាងណា គេមិនដឹងថាការទាមទារឲ្យមានយុត្តិធម៌សង្គមរបស់ក្រុមយុវជននេះគឺមានអត្ថន័យបែបណាទេ ក៏ប៉ុន្តែតាមរយៈហ្វេសប៊ុកផេក របស់ពួកគេ ក្រុមយុវជនបានបង្ហោះរូបថតស-ខ្មៅ របស់សកម្មជន ដែលអាជ្ញាធរបានចាប់ខ្លួនដោយសារតែការតវ៉ាដោះលែង លោក រ៉ុង ឈុន រួមមានអ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា លោក សួង សោភ័ណ្ឌ និងរូបភាពអ្នកបាត់បង់ជីវិតមួយចំនួនទៀតដូចជា ព្រះតេជគុណ សំ ប៊ុនធឿន លោក កែម ឡី លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើម៕