CPP ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែរឹងមាំក្រោមស្មារតី«អ្នកជិតខាងល្អ»

គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​ជូន​ទៅ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ដើម្បី​អបអរសាទរ​ខួប​៧៥​ឆ្នាំ នៃ​ការ​បង្កើត​សាធារណរដ្ឋ​វៀតណាម កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥​។​

​តាម​រយៈ​លិខិត ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា សាទរ​បក្សកុម្មុយនិស្ត រដ្ឋាភិបាល និង ប្រជាជន​វៀតណាម ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​បាន​សម្រេច​កន្លង​មក​។​

​គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ភ្លឺស្វាង​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​មាន​លោក លោក ង្វៀ​ន ភូ​ជុង ជា​អគ្គលេខាធិការ ប្រជាជន​វៀតណាម នឹង​សម្រេច​បាន​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត​

​ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រំលេច​ឡើង​ពី​ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម​ដែរ​។ គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី និង កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​បក្ស រដ្ឋាភិបាល និង ប្រជា​ជ​នៃ​ប្រទេស​ទាំង​ពីរ​។​

​លើស​ពី​នេះ បក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម «​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​» ក្រោម​ពាក្យស្លោក «​អ្នក​ភូមិ​ផង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រឹង​មាំ និង យូរអង្វែង​»​។​

​ព្រះបាទ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា រួម​ទាំង​មេដឹកនាំ​ជាប់​ខ្ពស់​កម្ពុជា​ពីរ​រូប​ទៀត គឺ សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ក៏​បាន​ថ្វាយ​និង​ជូន​លិខិត​អបអរសាទរ​វៀតណាម​ដែរ ក្នុង​ឱកាស​រម្លឹក​ខួប​៧៥​នៃ​ការ​បង្កើត​សាធារណរដ្ឋ​វៀតណាម ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០៕

​ប្រភព Thmey Thmey