អតីតមេគុកទួលស្លែង ឌុច ទទួលមរណភាពហើយ

ទីបំផុតទៅ អតីត​ប្រធាន​មន្ទីរ​ស​២១ ឬ គុក​ទួល​ស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​) កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ ឌុ​ច បានទទួលមរណភាពហើយកាលពីម៉ោងជិត១ រំលងអធ្រាត្រទី០២កញ្ញានេះ នៅក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី ។​

អតីត​មេ​គុក​ទួល​ស្លែង កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ​ឌុ​ច អាយុ ៧៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ លោក​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ឆ្នាំ​១៩៩៩ និង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង តុលាការយោធា រហូត​ដល់​ថ្ងៃ​បញ្ជូន​ខ្លួន មក​កាន់​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០០៧​។ ឌុ​ច​មាន តួនាទី​ជា​អនុ​លេខា បន្ទាប់​មក​ជា​លេខា​គណៈ ក​ម្មា​ធិ ការ​មន្ទីរ ស​-២១ (​មន្ទីរ​សន្តិបាល ដែល​គេ​ស្គាល់ ជា​ទូទៅ​ថា គុក​ទួល​ស្លែង​) នៅ​ក្នុង​របប ខ្មែរក្រហម​។​

​កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ​ឌុ​ច ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​) នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួល​ស្លែង ដោយ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល ៣៥​ឆ្នាំ សងការ​ជាប់​ឃុំ​ខុសច្បាប់ ១០​ឆ្នាំ និង​សំណង​លើ​ការ​សហការ​ចំនួន ៦​ឆ្នាំ ទោស​ដែល​ត្រូវ​អនុវត្ត​គឺ ១៩​ឆ្នាំ​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សាទុក្ខ​ជំទាស់ ហើយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេចសេចក្តី នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្តន្ទាទោស​ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។​

​សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ អតីត​មេដឹកនាំ​កំពូល​ៗ​និង​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរក្រហម គឺ​នៅ​សល់​តែ ខៀវ សំ​ផ​ន អាយុ​៨៩​ឆ្នាំ តែម្នាក់​ប៉ុណ្ណោះ​ដែលនៅ​មានជីវិត​និង​កំពុង​ឃុំខ្លួន​នៅ​ក្នុង​តុលាការ​ខ្មែរក្រហម ៕