លោកស្រី វណ្ណា ហូវឺដ (Vanna Howard) គឺជាស្ត្រីខ្មែរនិងជាជនភៀសខ្លួនម្នាក់ បានឈ្នះការបោះឆ្នោតបឋម ហើយទទួលបានការតែងតាំងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋម៉ាស្សាជូសេដ្ឋ ដោយបានផ្តួលដៃគូប្រជែងពីររូប កាលពីថ្ងៃអង្គារ។ នេះបើតាមលទ្ធផលឆ្នោតដំបូងៗនិងក្រៅផ្លូវការ ដែលបានបង្ហាញក្រោយការិយាល័យបោះឆ្នោតបិទទ្វារ។
យោងតាមកាសែត The Sun នៃទីក្រុង Lowell លទ្ធផលក្រៅផ្លូវការបង្ហាញថា លោកស្រី វណ្ណា ហូវឺដ ទទួលបានសំឡេងឆ្នោតចុងក្រោយដល់ទៅ ២៦៨១ នៅពេលគូប្រជែងពីររូបគឺលោក ដេវីដ ណែងហ្គល (David Nangle) ជាសមាជិកសភាដែលកាន់មុខតំណែង ទទួលបានសំឡេងតែ ១៩៦៦ និងលោកស្រី លីហ្សា អាណុល (Lisa Arnold) ទទួលបានសំឡេងតែ ១៤៧៤ នៅពេលរាប់សន្លឹកចុងក្រោយមួយ នៅក្នុងតំបន់ដែលមានពលរដ្ឋខ្មែររស់នៅយ៉ាងច្រើនលំដាប់ទី ២ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា។
លោក អ៊ួង រិទ្ធី ជាខ្មែរអាមេរិកាំងដំបូងដែលធ្លាប់ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាក្រុងឡូវែល បានថ្លែងប្រាប់ VOA ថាលោកស្រី វណ្ណា ហូវឺដ បានឈ្នះការប្រជែងយកការតែងតាំងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំតំបន់ទី ១៧ នៃសង្កាត់ Middlesex រដ្ឋម៉ាស្សាជូសេដ្ឋ។ ហើយលទ្ធផលតាំងពីដំបូងៗ បានបង្ហាញថា លោកស្រីបាននាំមុខតាំងពីការចាប់ផ្តើមរាប់សន្លឹកឆ្នោតមកម្ល៉េះ។
លោករិទ្ធី បានបញ្ជាក់ថា លោកស្រី វណ្ណា ហូវឺដ បានទទួលសំឡេងឆ្នោតដល់សន្លឹកឆ្នោតចុងក្រោយ គឺនាំមុខដល់ទៅ ៤៣ ភាគរយ នៅពេលគូប្រជែងទទួលបានតែ ៣២ ភាគរយ និង ២៤ ភាគរយនៃសំឡេងឆ្នោតសរុប។
ថ្លែងបន្ថែមពីកន្លែងបោះឆ្នោតមួយកាលពីម្សិលមិញ លោក អ៊ួង រិទ្ធី ដែលជាអ្នកជួយឃោសនារកសំឡេងឆ្នោតផងនោះ បានបោះឆ្នោតដល់លោកស្រី វណ្ណា ហូវឺដ ដោយសារលោកស្រីគឺជាមនុស្សមានសមត្ថភាពមានបទពិសោធន៍ច្រើន និងអាចជួយកិច្ចការសង្គមអាមេរិកាំង និងសហគមន៍ខ្មែរបានច្រើន រួមទាំងវិស័យសុខាភិបាល អប់រំ សង្គមកិច្ច សុខមាលភាពសង្គមជាដើម។
«នេះជាពេលវេលាដែលគាត់ត្រូវចេញមុខជួយសង្គម និងក្លាយជាមេដឹកនាំ ហើយមិនចង់ឲ្យគាត់នៅពីខាងក្រោយទៀតទេ»។
លោក រិទ្ធី បានបញ្ជាក់ថា លោកស្រី វណ្ណា ហូវឺដ បានធ្វើកិច្ចការបំរើសង្គមយ៉ាងច្រើន មិនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន តែបម្រើសង្គមយ៉ាងអស់ពីចិត្ត។
ថ្លែងប្រាប់ VOA ពីការិយាល័យបោះឆ្នោតនិងកន្លែងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅតំបន់ទី ១៧ នៃសង្កាត់ Middlesex លោកស្រី វណ្ណា ហូវឺដ អាយុ ៥១ ឆ្នាំបានបង្ហាញក្តីសង្ឃឹមថា នឹងអាចទទួលបានការតែងតាំងនេះ ដោយសារលោកស្រីមានគំនិតកែទម្រង់លើវិស័យសុខាភិបាលវិបត្តិកូវីដ១៩ បញ្ហាសុខមាលភាពសង្គម បញ្ហអប់រំ បញ្ហាចាស់ជរា និងបញ្ហាកុមារ ហើយនិងបញ្ហាវិបត្តិផ្ទះសម្បែងជាដើម ដែលលោកស្រីថា គូប្រជែងរបស់លោកស្រីមិនបានធ្វើកិច្ចការនេះ ហើយជាប់រឿងក្តីក្តាំជាមួយតុលាការផងដែរ។
«មានសង្ឃឹម បើអត់សង្ឃឹម អត់ធ្វើយុទ្ធនាការទេ ខ្ញុំមានសង្ឃឹម។ មានបងប្អូនច្រើន ដែលបានជួយទៅបោះឆ្នោត ជួយឃោសនា ផ្តាំផ្ញើឲ្យទៅបោះឆ្នោតថ្ងៃនេះ»។
លោកស្រី វណ្ណា ហូវឺដ ដែលមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកដល់សហរដ្ឋអាមេរិក កាលពីទសវត្សរ៍ ១៩៨០ ដោយបានគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកស្រីបានរៀនសូត្រ និងបម្រើការងាររដ្ឋនិងសង្គមជាច្រើន រួមទាំងជាជំនួយការអតីតសមាជិកសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់គឺលោកស្រី Niki Tsongas។ លោកស្រីក៏បានចូលរួមបំពេញកិច្ចការសង្គមក្នុងទីក្រុងឡួវែលរដ្ឋម៉ាស្សាជូសេដ្ឋក្នុងនាមជាប្រធានផ្នែកទំនាក់ទំនងកិច្ចការរដ្ឋាភិបាលខាងក្រៅនៃមជ្ឈមណ្ឌលសុខភាពនៃសហគមន៍ឡូវែល (Lowell Community Health Center)ហើយធ្លាប់បម្រើការងារក្នុងការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ Middlesex និង Sufforlk ផងដែរ។
លោកស្រី វណ្ណា ហូវឺដ ទទួលបានសារអបអរសារទរតាមបណ្តាញសង្គមពីអ្នកគាំទ្រជាច្រើននាក់ ដោយបានសរសើរកិច្ចការល្អដែលលោកស្រីបានបម្រើសង្គម។
សារតាមបណ្តាញសង្គមពីគណនីហ្វេសប៊ុកឈ្មោះ Kim Little បានសរសេរថា៖ «សូមអបអរសាទរចំពោះជោគជ័យរបស់លោកស្រី!»។ ហើយសារតាមហ្វេសប៊ុកមួយពីគណនីហ្វេសប៊ុកមួយទៀត ឈ្មោះ Tom Raiche បានសរសរថា៖ «លោកស្រី វណ្ណា គឺជាមនុស្សដ៏ល្អអស្ចារ្យ ហើយលោកស្រីនឹងក្លាយជាសមាជិកសភាដ៏អស្ចារ្យ!»។
លោក វាសនា នួន ដែលជាអតីតអភិបាលក្រុងឡូវែលនិងជាក្រុមប្រឹក្សាក្រុងឡូវែលបច្ចុប្បន្ន ដែលបានស្គាល់លោកស្រី វណ្ណា ហូវឺដ ជាង ៣០ ឆ្នាំ បានថ្លែងថា លោកគាំទ្រលោកស្រី វណ្ណា ហូវឺដ ដោយសារលោករៀបរាប់ថា លោកស្រីសមជាមេដឹកនាំស្ត្រីម្នាក់ដែលមានបទពិសោធន៍ពេញលេញនិង សមត្ថភាពខ្លាំងហើយពេលលោកស្រីឈ្នះការបោះឆ្នោតបឋមនេះ វានឹងជាការលើកទឹកចិត្តដល់ស្រី្តនិងជនជាតិខ្មែរនៅកន្លែងផ្សេងៗទៀត។
«រឿងហ្នឹងជាគំរូអីចឹងធ្វើឲ្យស្ត្រីឯទៀតខ្មែរឯទៀត មានចិត្តក្លាហានឈរឈ្មោះ ប្រហែលជាមិននៅរដ្ឋនេះ ក៏នៅរដ្ឋផ្សេងទៀតដែរថា ខ្មែរអាចធ្វើបាន។ ខ្មែរអាចធ្វើបាន»។
ទាំងលោក វាសនា នួន និង លោក អ៊ួង រិទ្ធី បានអះអាងថា ប្រសិនបើលោកស្រីជាប់ឆ្នោតក្នុងការបោះឆ្នោតបឋម សម្រាប់ការជ្រើសតាំងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិតេយ្យ ប្រចាំរដ្ឋម៉ាស្សាជូសេដ្ឋនេះ លោកស្រីនឹងត្រូវបានគេរំពឹងថា នឹងជាប់ជាស្វ័យប្រវត្តិនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ដោយសាររដ្ឋនេះគឺជារដ្ឋដែលមានគណបក្សប្រជាធិបតេយ្យបោះឆ្នោតជូនបេក្ខជនច្រើន ជាងគណបក្សសាធារណរដ្ឋតាំងពីដើមរៀងមក៕
ប្រភព ៖ VOA