មនុស្សមួយក្រុមបានរងការរិះគន់ថាគ្មានសុជីវធ៌ម គុណធ៌ម សីលធ៌ម និងប្រមាថអតីតព្រះមហាក្សត្រខ្មែរសម្តេចឪនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) ក្រោយពួកគេបានយកស្រាបៀរទៅអង្គុយផឹកនៅស្តូបព្រះបរមរតនកោដ្ឋ ស្ថិតនៅខាងកើតវិមានឯករាជ្យ ។
គេមិនដឹងថា ក្រុមមនុស្សដែលមានតែខួរក្បាល តែចរិតអន់ ខ្វះការពិចារណាទាំងនេះ បានអង្គុយផឹកនៅលើស្តូបនេះតាំងពីពេលណានោះទេ ។
ជាមួយគ្នានេះដែរ អ្នកឃើញរូបភាពដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ក៍បានស្តីបន្ទោសមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីទទួលកិច្ចការងារសណ្តាប់ធ្នាប់ ដែលមិនយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់ ក្រុមអគតិមួយចំនួនតូចទាំងនោះ បណ្តែតបណ្តោយឲ្យពួកគេលើកកែវជល់គ្នាផឹកហ៊ោរសប្បាយនៅលើស្តូបរូបសំណាកព្រះបរមរតនកោដ្ឋ ដែលជាកន្លែងគោរពវិញ្ញាណក្ខ័ន្ឋសម្រាប់ថ្នាក់ដឹកនាំជាតិ អន្តរជាតិនិងប្រជារាស្ត្រខ្មែរ ក៍ដូចជា តំបន់ទេចរណ៍នោះថែមទៀត ។
ក្រុមអ្នកតាមដានសង្គម និងពលរដ្ឋមួយចំនួនបានសំណូមពរដល់អាជ្ញាធរ គួរចាត់វិធានការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ជុំវិញស្តូប និងពិនិត្យមើលឡើងវិញ នៅលើរូបសំណាកសម្តេចតា ព្រោះរៀងរាល់ថ្ងៃក៍មានសត្វចាបហើរទៅទុំនៅលើព្រះកេសនោះថែមទៀត ធ្វើយ៉ាងណាដើម្បីឲ្យស័ក្តិសមទៅនឹងព្រះកិត្តិនាមល្បីល្បាញនិងគុណូប្បការៈដ៍ធំធេងរបស់ព្រះអង្គដែលស្ទើរតែមួយព្រះជន្មព្រះអង្គបានលះបង់ព្រះកាយនិងបញ្ញាញាណដើម្បីជាតិនិងប្រជានុរាស្ត្ររបស់ព្រះអង្គនៅទូទាំងនគរ ៕