ក្រុមហ៊ុនខ្សាច់មួយ ត្រូវបានប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងពលរដ្ឋដែលរស់នៅអមសងខាងកំណាត់ផ្លូវជាតិលេខ២ ពីចំណុចចាក់អង្រែលើដល់ចំណុចមុខវត្តចាក់អង្រែក្រោម កែងផ្លូវបត់ចូលទៅកាន់ផ្លូវ៦០ម៉ែត្រ រិះគន់និងស្នើឲ្យអាជ្ញាធរពាក់ព័ន្ឋទាំងអស់ដោះស្រាយ ខណៈរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនដែលគេមិនស្គាល់ឈ្មោះនេះ បាននិងកំពុងបំផ្លាញកំណាត់ផ្លូវជាតិលេខ២ និងប៉ះពាល់ដល់បរិស្ថាន ក៍ដូចជាការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
ក្រៅពីនោះប្រជាពលរដ្ឋអ្នកដំណើរ និងអ្នករស់នៅអមសងខាងកំណាត់ផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក៍បានសម្ដែងនូវក្ដីព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ខណៈខ្សាច់ដែលបន្សល់ពីការធ្លាក់កំពប់តាមដងផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកជិះម៉ូតូរអិលដួលបោកនឹងថ្នល់ បណ្ដាលឲ្យរងរបួសជាញឹកញាប់ និងរថយន្តដឹកខ្សាច់ធុនយក្សបានដឹកជញ្ជូនដីខ្សាច់ចេញពីដេប៉ូខ្សាច់ នៅមាត់ទន្លេបាសាក់ ផ្លូវជាតិលេខ២ ចំនួន២កន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ដែលដឹកចេញចូលបើកឆ្លងកាត់តាមផ្លូវជាតិលេខ២ មិនបានគ្របតង់ឲ្យបានត្រឹមត្រូវទេ ធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវ ប៉ះពាល់ដល់សុខភាពជារៀងរាល់យប់ថ្ងៃ ។
គេមិនដឹងថា តើថៅកែ ឬ ម្ចាស់ក្រុមហ៊ុនខ្សាច់ខាងលើនេះ មានអំណាច ឬឥទ្ឋិពលទឹកប្រាក់ដ៍មហាសាលប៉ុនណាទេ បានជាមន្ត្រីអាជ្ញាធរពាក់ព័ន្ឋ ពិសេសអាជ្ញាធរខណ្ឌមានជ័យ ហាក់ដូចជាត្រូវគេចាប់ជីពចរមិនឲ្យកម្រើកដូចក្នុងរឿងបុរាណចិន បានត្រឹមបើកភ្នែកភ្លឺសៗ និងហាមាត់ម្ហបៗ តែរៀងកាយកម្រើកមិនរួចនិយាយមិនចេញ ។
បើនៅតែបែបហ្នឹង សង្គមមួយនេះ នឹងរងនូវការរិះគន់គ្មានទីបញ្ចប់ ហើយអ្នកដែលឈឺចាប់គឺប្រជាពលរដ្ឋ និងអ្នកដែលទទួលប្រយោជន៍គឺក្រុមហ៊ុនឯកជន ។
នៅរសៀលថ្ងៃទី០៣ សីហា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីតំណាងក្រុមហ៊ុនខ្សាច់ទាំងពីរនៅចាក់អង្រែលើ ក៍ដូចជាមន្ត្រីអ្នកនាំពាក្យរដ្ឋបាលសាលាខណ្ឌមានជ័យ ៕