រាជធានីភ្នំពេញ ៖ មានករណីឃាតកម្ម បុរសម្នាក់ចាក់សម្លាប់នារីជាសង្សារ ក្នុងវង់ផឹកស៊ី បន្ទាប់មកបុរសជាជនដៃដល់ អារ,ក សម្លាប់ខ្លួនឯងតាមក្រោយនឹងកាំបិត ប៉ុន្តែភ្លាមៗមិនទាន់ស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ តែប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរី លឹម ឈាងហាក់ ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីដែលសង្សារចាក់សម្លាប់នេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកជនជាឃាតករ ក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ អ្នកទាំង២ស្នាក់នៅក្នុងផ្ទះជួលកើតហេតុខាងលើ ហើយករណីឃាតកម្មនេះ ជំហ៊ានដំបូងសង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌ ។
តាមប្រភពព័ត៌មានជាបឋមពីសមត្ថកិច្ច បានបន្តថា នៅមុនពេលកើតហេតុ នៅក្នុងផ្ទះនោះមានការជួបជុំគ្នាផឹកស៊ីនៅក្នុងផ្ទះជួលនោះ ដែលគូសង្សារខាងលើបានជួលស្នាក់នៅ ហើយការផឹកស៊ី មានគ្នាចំនួន៥នាក់ ក្នុងនោះមានស្ត្រីរងគ្រោះ ជនដៃដល់ ប្ដីប្រពន្ធ១គូទៀត ដែលត្រូវជាមិត្តរបស់ជនដៃដល់ និងស្ត្រីម្នាក់ទៀត ដែលជាអ្នកធ្វើម្ហូប ។ ក្រោយពីការផឹកស៊ីដំណើរការយូរមក ប្ដីប្រពន្ធដែលត្រូវជាមិត្តបានលាទៅមុនបាត់ទៅ នៅសល់តែគូសង្សារ១គូនេះ និងស្ត្រីជាអ្នកធ្វើម្ហូបម្នាក់ប៉ុណ្ណោះ ខណៈនោះពុំដឹងថា មានទំនាស់អ្វីកើតឡើងនោះទេ ទើបឈានដល់បុរសខាងលើចាក់គូសង្សាររហូតដល់ស្លាប់ រួចអារ,ក សម្លាប់ខ្លួនតាមក្រោយ តែមិនទាន់ស្លាប់ ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះស្ត្រីដែលជាអ្នកធ្វើម្ហូប បានរត់ចេញក្រៅស្រែកឲ្យអ្នកជិតខាងជួយ ទើបមានការភ្ញាក់ផ្អើលឡើង ហើយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោក៏បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ព្រមទាំងនាំជនដៃដល់ទៅកាន់មន្ទីរពេទ្យ និងហៅស្ត្រីអ្នកធ្វើម្ហូបទៅសាកសួរបំភ្លឺផងដែរ ៕