កម្ពុជា-វៀតណាមឯកភាពគ្នាដំឡើងច្រកទ្វារម៉ឺនជ័យទៅជាច្រកទ្វារអន្តរជាតិ

​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ឯកភាព​គ្នា​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន ម៉ឺន​ជ័យ ទៅ​ជា​ច្រក​ទ្វារ​អន្ដរជាតិ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​លើ​គ្រប់​វិស័យ​។​

​នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការ​ដំឡើង កម្រិត​ច្រក​ទ្វារ​ព្រំដែន ម៉ឺន​ជ័យ ទៅ​ជា​ច្រក​ទ្វារ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ២០២០ ។​

​បើ​តាម​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ដែល​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បាន​ថ្លែង​ថា​ដើម្បី​ធានា​ដល់​ការ​សម្ពោធ​ច្រក​ទ្វារ​ព្រំដែន ម៉ឺន​ជ័យ នា​ពេល​ខាង​មុខ​នេះ ក្រ​សួ​មហាផ្ទៃ ក៏​បាន​ចាត់​ឲ្យ លោក​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​គណៈប្រតិភូ ចុះ​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ភាគី វៀតណាម ចំនួន​២​លើក​ផង​ដែរ ។​

​សូម​បញ្ជាក់​ថា ច្រក​ទ្វារ​ព្រំដែន​ម៉ឺន​ជ័យ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង ដែល​ជាប់​នឹង​ច្រក​ទ្វារ​តំបន់​ព្រំដែន តឺ​ន​ណា ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​៕