ស្រ្តីម្នាក់ភូតគេថាខ្លួនជាចៅក្រម ដើរបោកលុយបានជិត១លានដុល្លារ

នៅ​ថ្ងៃ​ទី​០៤ កញ្ញា​នេះ សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ម្នាក់​ពី​ខេត្តព្រះវិហារ មក​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ស្ត្រី​នេះ​បាន​តាំងខ្លួន​ជា​ចៅក្រម​សាលាឧទ្ធរណ៍ និង​យកឈ្មោះ​ថ្នាក់ដឹកនាំ​មួយ​ចំនួន ដើរ​ឆបោក​លុយ​គេ​ជិត​១​លាន​ដុល្លារ ។​

​ស្ត្រី​សង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ឈ្មោះ អៀង ឆេងហុង ហៅ សា​រិ​ទ្ធ មុំ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៤​អា ផ្លូវ​លេខ​០២ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ តាម​ចាប់ខ្លួន​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​០៣ កញ្ញា ២០២០​។​

​បើ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ស្ត្រី​ខាងលើ​ពី​បទ​រំលោភលើទំនុកចិត្ត ដោយសារ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ ស្ត្រី​ឈ្មោះ អៀង ឆេង​ហុង បាន​យក​ប្រាក់​ចំនួន ៨៣៥,០០០​ដុល្លារ ពី​ឈ្មោះ មិន ស្ស័​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​លេខ​៩៩ ផ្លូវលំ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រឿង​ទិញ​ដីធ្លី ហើយ​ជនសង្ស័យ​បាន​បោក​យក​លុយ​ពី​ជន​រង​គ្រោះ​ទៅ​ទិញ​ដី​ចូល​គ្នា ដោយ​មាន​កិច្ចសន្យា​ផ្ទៃក្នុង​ជាមួយ​គ្នា​ថា ពេល​ដែល​លក់​ដី​បាន​ចែក​គ្នា​៥០%​ស្មើ នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​លក់​ដី​បាន​គឺ​ចែក​គ្នា​បាន​តែ​ដំណាក់កាល​កក់​ប្រាក់​លើក​ទី​១ ពេល​ដែល​អ្នកទិញ​ប្រគល់​លុយ​គ្រប់​ចំនួន​ស្ត្រី​រូប​នោះ​មិន​បាន​យក​លុយ​ដែល​លក់​ដី​នោះ​មក​ចែក​គ្នា​ទេ ។​

​ក្រោយ​ដឹង​ថា​ចាញ់បោក​ជនសង្ស័យ ជន​រង​គ្រោះ​ក៍បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តំណាង​អយ្យការ​រហូត​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន និង​ទើប​ចាប់ខ្លួន​ស្ត្រី​ខាងលើ​បាន​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ និង​ត្រូវ​បាន​បញ្ជូន​បន្ត​មក​ចាត់ការ​តាម​ច្បាប់​នៅ​រាជធានី​ភ្នំពេញ​៕