ស្ត្រីម្នាក់ក្នុងចំណោមក្រុមបាតុករជាច្រើននាក់បានដួលសន្លប់នៅលើផ្លូវថ្នល់ ដោយសារកងកម្លាំងប្រជាការពាររុញច្រាន ខណៈស្ត្រីនោះនិងក្រុមអ្នកតវ៉ាបានស្រែកឈរតវ៉ាសុំឲ្យតុលាការដោះលែងប្តីរបស់ខ្លួនដែលជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ។
ស្ត្រីដែលដួលសន្លប់នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រម្សិលមិញនោះ ត្រូវបានគេអះអាងថាឈ្មោះ សេង ចាន់ថន អាយុ៤៨ឆ្នាំ គឺជាភរិយារបស់លោក ស៊ុន ធន់ ដែលជាអតីតក្រុមប្រឹក្សាស្រុកម្នាក់ប្រចាំខេត្តកំពង់ធំនៃគណបក្សសង្រ្គោះជាតិ និងដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស។ ។
យ៉ាងណាក៍ដោយ ក្រោយហេតុការណ៍ននេះ បានកើតឡើង អាជ្ញាធរខណ្ឌ៧មករារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយបកស្រាយថា កម្លាំងប្រជាការពារព្យាយាមទប់ស្កាត់ក្រុមស្ត្រីតវ៉ាកុំឱ្យរំខានដល់តុលការ និងការរស់នៅរបស់ប្រជាពលរដ្ឋ ទើបឈានដល់ការជ្រុលដៃរុញស្ត្រីអ្នកតវ៉ាម្នាក់ដូលលើថ្នល់។បើតាមសេចក្តីប្រកាសដដែល ប្រជាការពារដែលរុញច្រានបង្កឲ្យស្ត្រីខាងលើដួលសន្លប់នោះឈ្មោះ ឆោម ពិសិដ្ឋ ហើយប្រជាការពាររូបនេះ ក៍ត្រូវបានអាជ្ញាធរខណ្ឌធ្វើការអប់រំនិងពិន័យតាមច្បាប់ផងដែរ ៕