យុវជនបរិស្ថាន៣នាក់ ត្រូវបញ្ជូនទៅតុលាការហើយ

ក្រុម​យុវជន​ដែល​អះអាង​ខ្លួន​ថា​ជា​អ្នក​ការពារ​បរិស្ថាន​ចំនួន​៣​នាក់​និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ទីកន្លែង ផ្សេង​ៗ​គ្នា​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​នោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា​នេះ ។​

​យុវជន​បរិស្ថាន​ទាំង​៣​នាក់​នេះ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​រួម​មាន លោក ថុ​ន រ​ដ្ឋា​, កញ្ញា ឡុ​ង គ​ន្ធា កញ្ញា ភួ​ន កែវ​រស្មី ។ យុវជន ថុ​ន រ​ដ្ឋា ត្រូវ​អាជ្ញាធរ​កម្ពុជា​ជា​ច្រើន​នាក់​ចុះ​ទៅ​ព័ន្ធ​ផ្ទះ​ជួល​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាប់ខ្លួន​រូបគេ​។ ការ​ចាប់ខ្លួន​នេះ ក្រោម​ហេតុផល​ថា រូបគេ​បាន​បង្កើត​បន្ទប់​ផ្សព្វផ្សាយ​ព័ត៌មាន និង​ធ្វើ​វី​ដេ​អូ​ផ្សព្វផ្សាយ​ដោយ​មិន​មានច្បាប់​អនុញ្ញាត​។ ក្រោយ​ចាប់ខ្លួន ផ្ទះ​ជួល​របស់​ថុ​ន រ​ដ្ឋា ក៏​ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។​

​រីឯ យុវតី​ភួ​ន កែវ​រស្មី និង ឡុ​ង គ​ន្ធា វិញ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ បន្ទាប់​ពី​ពួក​គេ​មាន​គម្រោង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វត្ត​ភ្នំ​ឆ្ពោះទៅ​ភូមិ​គ្រឹះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ​ដោយ​ស្លៀកពាក់​ពណ៌​ស​នៅ​ថ្ងៃ​ទី​៣ កញ្ញា ដើម្បី​ស្នើ​ជួប​លោកនាយក​រដ្ឋមន្ត្រី​ផ្ទាល់​ក្នុង​គោលបំណង​បង្ហាញ​អំពី​ក្ដី​បារម្ភ​មួយ​ចំនួន​ជុំវិញ​ការ​លុប​បឹង​តា​មោក​ដូច​ជា បញ្ហា​ជន់​លិច​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ពេល​ភ្លៀង​ម្ដង​ៗ ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន ការ​បាត់បង់​ជម្រក​សត្វ​ស្លាប រួម​ជាមួយ​ជីវចម្រុះ​ក្នុង​បឹង​ជាដើម ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ផង ពួក​គេ​ក៏​ត្រូវ​បាន​ចាប់ខ្លួន ។​

​ក្រុម​យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។

​លោកស្រី​ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​នេះ​។ លោកស្រី​ថា នេះ គឺជា​រូបភាព​គំរាមកំហែង និង​បន្ទុក​បង្អាក់​ទៅ​កាន់​យុវជន​ដទៃ​ទៀត​ដែល​ចង់​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន ឬ​បញ្ចេញមតិ​។​

​ចំណែក លោក​អំ សំអាត នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​វិញ​យល់​ថា ការ​ចាប់ខ្លួន និង​ចោទប្រកាន់​នេះ នឹង​នាំ​ឱ្យ​មានការ​រិះគន់​បន្ថែម​ទៀត​មក​លើ​អាជ្ញាធរ​កម្ពុជា​រឿង​រឹង​ត្បិត​សេរីភាព​ជា​មូលដ្ឋាន សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​។​

​បន្ទាប់​ពី​លើក​ឡើង​ដូច្នេះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ថា នឹង​បន្ត​តាមដាន​ឃ្លាំមើល​ករណី​នេះ និង​អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​បន្ត​នីតិវិធី​លើ​ពួក​គេ ហើយ​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​  ៕