ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងខេត្តត្បូងឃ្មុំ រងការចោទថាថ្លឹងតែលុយ

មិនដឹង​ខាង​មន្ទីរ​-​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដឹង​ឬទេ ជា​ទម្លាប់​ឬ​ជា​ចេតនា​ទុច្ចរិត​បំផ្លាញ​ផ្លូវជាតិ​ប្រព្រឹត្ត​ដោយ លោក គង់​សុភាព​..​? ខណៈ​លោក​  គង់ សុភាព ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់ទទឹង គាត់​មិន​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទំងន់​ទេ គឺ​ថ្លឹង​លុយ​ហ្នឹង​…​? ? ?​

​ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ និង​ដឹក​ជញ្ជូន​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង​ឲ្យ​ដឹង​ថា លោក គង់ សុភាព រក​ចំណូល​តាម​រយៈ​តួនាទី​ខ្លួន​គ្រប់គ្រង​ស្ថានីយ៍​នេះ បាន​លុយ​ក្បាល​ឡាន​ប្រចាំ​ថ្ងៃ​ផង ប្រចាំខែ​ផង ក្នុង​នោះ​គេ​បាន​បញ្ជាក់​ថា សម្រាប់​រថយន្ត​ដឹក​ធុន​ធំ ភ្លៅ​៤ ត្រូវ​បង់លុយ​ដោយ​មិន​ចាំបាច់​ចូល​ថ្លឹង​អ្វី​ទាំងអស់ ព្រូឡាន​ចុះ​យក​លុយ​បង់​គឺ​ចប់ ហេ​ី​យ​ករណី​ខ្លះ​រាប់​ក្បាល​ឡាន​ទុក ព្រោះ​ចាំ​ទូទាត់​ជាមួយ​ថៅកែ ។​  ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍ និង​ដឹក​ទំនិញ​ផ្សេង​ៗ​ផ្ទុក​ធ្ងន់ ក៏​ត្រូវ​ចូល​បង់លុយ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក គង់ សុភាព ។ រីឯ​រថយន្ត​ដឹកអុស​ត្រូវ​បង់​ដែរ ទើប​អាច​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​នោះ​ដោយ​គ្មាន​ការ​រំខាន​។ អាច​និយាយ​បាន​ថា​លោក គង់​សុភាព និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​  ។​

​មន្ត្រីរាជការ​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ត្បូងឃ្មុំ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​លោក គង់ សុភាព ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់ទទឹង ខេត្ត​ត្បូងឃ្មុំ​និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​លោក គង់ សុភាព និង​បក្ខពួក​មិន​ដែល​ធ្វើការ​ផាកពិន័យ​ម្ចាស់​រថយន្ត​ធំ​ៗ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឬត​កន្ទុយ ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​នោះ​ឡើយ ហើយ​ពួក​គេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។ ការ​ដែល​លោក គង់ សុភាព​ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ ទើប​អ្វី​ៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​មាន​ន័យ​ថា សមគំនិត​គ្នា​ជា​ឯក​ច្ឆ័​ន​បំផ្លាញ​ផ្លូវជាតិ ដែល​រដ្ឋាភិបាល​កសាង​សម្រាប់​ជា​សមិទ្ធផល​ជូន​ប្រជាជន ប្រទេស​ជាតិ តែ​អស់លោក​ឆ្លៀត​យក​តួនាទី​មក​រក​លុយ​ទាំង​គឃ្លើន​ច្បាប់​។​

​ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​ក្រុម​ឈ្មួញ​ក៏​ដូច​មជ្ឈដ្ឋាន​ខាងលើ លោក គង់ សុភាព បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃនេះ​ថា​លោក​មិន​អាច​ឆ្លើយ​បាន​ទេ​សូម​អោយទៅ​ជួប​ផ្ទាល់​នៅ​កន្លែង ៕

ប្រភព ៖ Nokorwat