បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហ៊ុន សែន និងសេចក្តីជូនដំណឹង (សជណ)របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះនៅថ្ងៃទី០១ កញ្ញា ២០២០ បានបង្ហាញថា រាជរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោកជាង៣៨ហិកតាប្រគល់ឲ្យក្រសួងស្ថាប័នរដ្ឋចំនួន០៤ដើម្បីសាងសង់អគារការងារថ្មីនិងកម្មសិទ្ឋិឯកជនចំនួន១ ។
ក្រសួងស្ថាប័នរដ្ឋដែលទទួលបានផ្ទៃបឹងសរុប៣០ហិកតារួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទទទួលបាន១៥ហិកតា(ស.ជ.ណ) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្រាប់សង់ទីស្នាក់ការថ្មីនៃស្ថាប័នទាំង៣នេះចំនួន១៥ហិកតា ប៉ុន្តែអនុក្រឹត្យនេះ មិនបានបញ្ជាក់លម្អិតឡើយថាតើស្ថាប័ននីមួយៗទទួលបានទំហំផ្ទៃបឹងប៉ុន្មាននោះទេ ក្នុងចំណោមផ្ទៃបឹងទាំង១៥ហិកតានោះ0x017d7 ។
ស.ជ.ណរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែលក៍បានបញ្ជា្កក់ទៀតថា ផ្ទៃបឹងតាមោកជាង៨ហិកតា (៨០,២៣៦ម៉ែត្រការ៉េ) ត្រូវកាត់ឲ្យលោង សេង វុទ្ធី ធ្វើជាកម្មសិទ្ធិផងដែរ (ផ្នែកឯកជន)។
សូមបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាកាត់ផ្ទៃបឹងតាមោកឲ្យក្រសួងស្ថាប័នរដ្ឋ និងឯកជន។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកាត់ផ្ទៃបឹងតាមោក៣០០ហិកតា ឲ្យក្រសួងការពារជាតិ ដើម្បីចាត់ចែងរៀបចំសាងសង់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។
ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ មេសា ២០២០ បានសម្រេចថា កាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា) ។
កាលពីថ្ងៃទី១៣ មីនា ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី ចេញស.ជ.ណ ចំនួន២ដាច់ដោយឡែកពីគ្នា គឺ ស.ជ.ណ១ សម្រេចថា រដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក៧៥ហិកតា ឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ និងស.ជ.ណ១ទៀត សម្រេចថា រដ្ឋាភិបាល ផ្តល់ផ្ទៃបឹងតាមោក៨ហិក ទៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាងសង់អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានានៃនាយកដ្ឋាននេះ និងកាលពីថ្ងៃទី០២ សីហា ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ចេញស.ជ.ណសម្រេចថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែ និងធ្វើជាកន្លែងចតរថយន្ត។
បឹងតាមោកឬបឹងកប់ស្រូវ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃសរុបជាង៣,២ពាន់ហិកតា។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យោងតាមស.ជ.ណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលដែលចេញជាបន្តបន្ទាប់ មកដល់នាពេលនេះ ផ្ទៃបឹងតាមោក ត្រូវបានកាត់៥លើកហើយ ដែលសរុបមានជាង៤៦៨ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។
យ៉ាងណា ការអភិវឌ្ឍឬការកសាងសំណង់ណាមួយ លើផ្ទៃបឹងតាមោក ដែលត្រូវបានកាត់នោះ មិនទាន់លេចជារូបរាងនៅឡើយទេ៕