អនុប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី បានថ្លែងថា គ្រប់ចម្លើយរបស់ពលរដ្ឋដែលបានសួរអំពីបញ្ហាព្រំដែន ពួកគេសុទ្ឋតែបានអះអាងថា ពុំមានបាត់ដីទៅវៀតណាមទេ ។
បើតាមលោកស្រី កុយ ពិសី ពលរដ្ឋបានប្រាប់លោកស្រីថា «អ្វីដែលគាត់ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយ សារពួកអគតិបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់នោះឲ្យពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ។»។
នៅលើបណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះ «Koy Pisey/កុយ ពិសី ដែលគេដឹងថាជាគណនីផ្លូវការរបស់លោកស្រី កុយ ពិសី លោកស្រីបានសរសេរបង្ហោះនៅប្រមាណ១ម៉ោងមុននេះមានខ្លឹមសារទាំងស្រុងថា
«ថ្ងៃនេះ (5/9/20) ខ្ញុំបានរួមដំណើរជាមួយឯឧ. វ៉ាគឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះទៅជួបបងប្អូន ពលរដ្ឋនៅភូមិត្រពាំងថ្លុង នៅទីតាំងបង្គោលព្រំដែនលេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចង់បញ្ជាក់ឲ្យច្បាស់ថា តើបន្ទាប់ពីយើងខ្ញុំបោះបង្គោលព្រំដែនរួចនៅតំបន់នោះ មានបាត់ដីទៅវៀតណាមដូចការលើក ឡើងរបស់ជនអគតិដែរឬទេ??
គ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ អ្វីដែលគាត់ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយ សារពួកអគតិបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះ បង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ។ ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត៕៚»។
ការលើកឡើងរបស់លោកស្រី កុយ ពិសីខាងលើ បានធ្វើឡើង បន្ទាប់ពីនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៥ សីហា ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនចុះទៅជួបប្រជាពលរដ្ឋមួយចំនួនដែលបានអះអាងថា បាត់ដីនៅក្នុងខេត្តត្បូងឃ្មុំនិងបានបង្គាប់ឲ្យមានការបើកសិក្ខាសាលាសួរដេញដោយពីបញ្ហាព្រំដែន ដោយមាននិស្សិត សិស្សនិងប្រជាពលរដ្ឋចូលរួមចោទសួរផងដែរ ។
ជាការកត់សម្គាល់ ភាពចម្រូងចម្រាសលើបញ្ហាព្រំដែនរហូតមានការចាប់ខ្លួន លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និង លោកសួង សោភ័ណ្ឌ ប្រធានគណបក្ស«ខ្មែរឈ្នះ» បានកើតមានបន្ទាប់ពី កម្ពុជា និងវៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ កាលពីថ្ងៃទី០១ សីហា ២០២០។
បើតាមមន្ត្រីជាន់ខ្ពស់កិច្ចការព្រំដែនផែនទីខ្នាត ១/២៥ ០០០ នេះបានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីសម្រេចបាន។
ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្ត្រនៅ លើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ប៉ុន្តែសម្រាប់សង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនតូចនៅតែមិនពេញចិត្តដោយបារម្ភថាផែនទីថ្មីនេះនឹងធ្វើឲ្យកម្ពុជាបាត់ដីមួយចំនួនទៅវិញ ៕