លោក ទ្រី ភាព ប្រកាសដាក់កាយចិត្តបម្រើ CPP និង លោក ហ៊ុន សែន

លោក​ឧកញ៉ា​បណ្ឌិត ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន TRY PHEAP GROUP CO,LTD បាន​ប្រកាស​ថា លោក​នឹង​ដាក់​កាយ​ចិត្ត​បម្រើ​ដោយ​ស្មោះត្រង់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង លោក ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច ។​

​ការ​បញ្ជាក់​លើក​ឡើង​របស់​លោក ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​បក្ស​«​ខ​៦» ខាងលើ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៤ កញ្ញា ២០២០ ក្នុង​ពិធី​ប្រជុំ​ពិភាក្សា​ការងារ​លើក​ទី​១ និង​ប្រកាស​សមាជិក​បក្ស​បំពេញបន្ថែម​ក្នុង​គណ​:​ក​ម្មា​ធិ​ការ​សាខា​បក្ស (​ខ​៦) នៃ​គណ​:​ក​ម្មា​ធិ​ការ​បក្ស​ខុទ្ទកាល័យ លោក ហ៊ុន សែន​  នៅ​សាល​ប្រជុំ​ធំ​នៃ​ទីស្នាក់ការ​កណ្តាល ក្រុមហ៊ុន ទ្រី ភាព គ្រុប ។​

​សូម​បញ្ជាក់​ថា លោក​ឧកញ៉ា​បណ្ឌិត ទ្រី ភាព ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ល្បីល្បាញ​អំឡុង​ពេល​នៅ​ក្នុង​មុខ​ជំនួញ​ព្រៃឈើ ។​

​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដែល​បាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​របស់​លោក​ឧកញ៉ា ទ្រី ភាព នៅ​ភូមិ​ជន្ល​ង ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា លោក​ទ្រី ភាព កើត​ចេញពី​ត្រកូល​កសិករ​ដែល​មាន​ដើម​កំណើត​នៅ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ជីវភាព​គ្រួសារ​របស់​គាត់​ដែល​មាន​បងប្អូន ៦ នាក់​គឺជា​គ្រួសារ​ក្រីក្រ​ដែល​ឪពុក​របស់​លោក​ប្រកបរ​បរជា​អ្នកលក់​អំបោស​។​

​នៅ​ពេល​ដែល​លោក​ពេញវ័យ​លោក ទ្រី ភាព បាន​ប្រកបរ​បរជា​ព្រូឡាន ជា​កម្មករ​សំណង់ ប៉ុន្តែ​ក្រោយមក បន្ទាប់​ពី​លោក​បាន​រៀប​ការ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​មួយ ឈ្មោះ ម៉ៅ មុំ ដែល​មាន​ដើម​កំណើត​ពី​វៀតណាម​ធ្វើ​ឲ្យ​លោក​អាច​រកស៊ី​បាន​ធូរធារ រហូត​ស្គាល់​ឧត្តមសេនីយ៍​ម្នាក់​ដែល​បាន​ណែនាំ​លោក​ឲ្យ​ស្គាល់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​បណ្តាល​ឲ្យ​លោក​មាន​ជីវភាព​ធូរធារ​រហូត​ដល់​ក្លាយជា​ឧកញ៉ា​ដោយសារ​តែ​ការ​ប្រកប​របរ​រកស៊ី​ឈើ​។​

​បច្ចុប្បន្ន​លោក ទ្រី ភាព មានកូន​ចំនួន​បី​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ហើយ​កូន​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ឈ្មោះ​លោក ទ្រី លុ​ច ហើយ​ដែល​បច្ចុប្បន្ន​ក៏​បាន​ទទួល​ឋានៈ​ជា​ឧកញ៉ា​ផង​ដែរ​ ។

កាលពីដើមខែធ្នូ ឆ្នាំ២០១៩ ​តាមរយៈច្បាប់ Global Magnitsky ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​​​បាន​​ចោទ​ប្រកាន់​​លោក​ឧកញ៉ា ទ្រី ភាព​​ ពីបទ​ចូលរួម​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ​ តាមរយៈ​ការ​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ ដោយ​មាន​ការ​ឃុប​ឃិត​គ្នា​ជាមួយ​មន្រ្តី​កម្ពុជា។

ក្រុមហ៊ុន​ចំនួន ១១​ដែល​ចុះ​បញ្ជី​ក្រោម​ឈ្មោះ​ឧកញ៉ា ទ្រី ភាព ក៏​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម ផងដែរ ក្រុមហ៊ុនទាំងនោះរួមមាន៖

១- Try Pheap Group Co., Ltd.;

២- M.D.S. Import Export Co., Ltd.;

៣- Try Pheap Dry Port Co., Ltd.;

៤- Try Pheap Engineering & Construction Co., Ltd.;

៥- Try Pheap Grand Royal Co., Ltd.;

៦- Try Pheap Import Export Co., Ltd.;

៧- Papa Petroleum Co., Ltd.;

៨- Try Pheap Property Co., Ltd.;

៩- Try Pheap Travel & Tours Co., Ltd.;

១០- M D S Thmorda S E Z Co., Ltd.;

១១- Try Pheap Oyadav S E Z Co., Ltd.

សូមបញ្ជាក់ថា ច្បាប់ Global Magnitsky គឺច្បាប់មួយសំដៅ​អនុវត្តលើ​មន្ត្រី​នៃ​រដ្ឋាភិបាលបរទេសណា​ដែល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ហើយ​ហាមឃាត់មិន​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ឬចេញចូល​សហរដ្ឋ​អាមេរិក​។

យ៉ាងណាក៍ដោយ រាល់ការចោទប្រកាន់និងរបាយការណ៍ផ្សេងៗដែលនិយាយប៉ះពាល់ដល់លោកឧកញ៉ា ទ្រី ភាព គឺត្រូវបានលោកឧកញ៉ាបណ្ឌិតសេដ្ឋកិច្វរូបនេះច្រានចោលជានិច្ច ៕