លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វខាយ ត្រូវបានគេអះអាងថាជាជនជាតិចិន មុខរបរជាអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd និង គូកនជាច្រើននាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស គឺ បទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទ ក្លែងបន្លំឯកសារសាធារណៈ និង បទបំភាន់មន្ត្រីសុរិយោដីអោយចុះបញ្ជី» ពាក់ព័ន្ធការធ្វើឯកសាររំលោភយកដីអ្នកដទៃទំហំជាង៤ហិកតា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ។
បើតាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១០ មីនា ២០២០កន្លងទៅ និងដែលគេទើបផ្សព្វផ្សាយក៍បានសម្រេចចោទប្រកាន់ជនជាតិខ្មែឬម្នាក់ឈ្មោះ លីម លាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd ។ តែជននេះ ត្រូវបានដាក់ឲ្យនៅក្រៅឃុំ និងជនជាតិចិនចំនួន០៥នាក់ផ្សេងទៀត និងដាក់ឲ្យនៅក្រៅឃុំផងដែរ ។
ជនទាំងអស់នេះ ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទ ក្លែងបន្លំឯកសារសាធារណៈ និង បទបំភាន់មន្ត្រីសុរិយោដីអោយចុះបញ្ជី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មករា ២០១៦ តាមមាត្រា៥២៣ និង មាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥២នៃច្បាប់ភូមិបាល ។
តាមប្រភពបានបញ្ជាក់ថា ដំណើររឿងនេះ ផ្តើមចេញពីជនត្រូវចោទទាំងអស់ បានយកដីរបស់ឈ្មោះ សុខ សាខឿន ភេទស្រី អាយុ៦៥ឆ្នាំ ទំហំជាង៤ហិកតា មានទីតាំងស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិសែនជ័យ)ទៅធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីមួយទៀត ដោយក្លែងបន្លំ ដើម្បីបានកាន់កាប់លើដីកម្មសិទ្ធិរបស់ឈ្មោះ សុខ សាខឿន ។
យ៉ាងណាក៍ដោយ គេមិនទាន់ដឹងថា លោកផ្កាយ៣ ជនជាតិចិនឈ្មោះ ហ៊ាង ហ្វខាយ ទទួលបានសញ្ជាតិខ្មែរពីពេលណានោះទេ ហើយក៍មិនទាន់ដឹងថាឈ្មោះ ហ៊ាង ហ្វខាយ កាន់តំណែងអ្វីនៅអង្គភាពណានោះដែរ ? ។
នៅម៉ោង១២និង២៨នាទីថ្ងៃត្រង់ថ្ងៃទី០៦ កញ្ញានេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្រ្តីខុទ្ទកាល័យព្រះបរមរាជវាំង ក៍ដូចជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ជុំវិញជនជាតិចិនពាក់ផ្កាយ៣ ដែលត្រូវបានចោទប្រកាន់ខាងលើនេះ ៕