រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹង និងទទួលបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារឹទ្ធ អគ្គស្នងការរងទទួលផែនសន្តិសុខ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ៖
១-ឈ្មោះ ប៊ុន ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា
៣-ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា
និង៤-ជនសង្ស័យឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។
អ្នកទាំង៤ ពាក់ព័ន្ធនឹងករណី “ឆបោក និងសម្អាតប្រាក់” នាំមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។
តាមការបញ្ជាក់ពីសមត្ថិកច្ចជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោកប្រាក់តាមការទំនាក់ទំនងតាមបណ្តាញសង្គម ដោយលួងលោមបោកបញ្ចោតមនោសញ្ចេតនា ពីប្រជាពលរដ្ឋនៅក្នុងប្រទេស និងជនបរទេសក្រៅប្រទេស អោយផ្ញើប្រាក់មកអោយខ្លួននៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារផ្ញើ និងដកប្រាក់ និងធនាគារមួយចំនួន បន្ទាប់ពីដកប្រាក់បានហើយ ជនសង្ស័យក៏ផ្ញើប្រាក់នោះទៅបក្ខពួកផ្សេងៗ ដែលមានក្បាលម៉ាស៊ីនដឹកនាំនិងអង្គការចាត់តាំងដោយទទួលបានភាគលាភទៅតាមតួនាទីរៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិ ដើម្បីទទួលប្រាក់ នៃបទល្មើសនោះទៅទិញ អចលនទ្រព្យ និងបើកអាជីវកម្មផ្សេងៗ ដើម្បីទៅបំលែងជាហិរញ្ញប្បទានស្របច្បាប់រួចបន្តផ្ញើប្រាក់ទាំងនោះទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណង ដើម្បីសម្អាតប្រាក់ ដែលបានមកពីអំពើឆបោក ។
បច្ចុប្បន្នជនដែលត្រូវចោទទាំង០៤នាក់ ត្រូវបានចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់អោយឃុំខ្លួន និងអោយភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១(ម១)ហើយ ៕