ស្ត្រីម្នាក់បានប្រតិកម្មថ្នាំបណ្តាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗ បន្ទាប់ពីស្ត្រីរូបនោះត្រូវគេអះអាងថាបានត្រូវគ្រូពេទ្យចាក់ថ្នាំព្យាបាលភ្នែក ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី០៥ កញ្ញា ២០២០ នៅគ្លីនិកឯកជនមួយដែលមានយីហោ«មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ» ដែលគ្លីនិកនេះមានទីតាំងស្ថិតនៅផ្ទះលេខ១០៨ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សាវន បច្ចុប្បន្នស្នាក់នៅ ម្ដុំបឹងសាឡាង រាជធានីភ្នំពេញ និងមានប្តីជាអ្នកលក់សាច់គោ។
សាច់ញាតិជនរងគ្រោះបានរៀបរាប់ទៀតថា ប្អូនរបស់ខ្លួន មាន ជំងឺភ្នែក ទើបមកទទួលសេវា ព្យាបាលនៅមន្ទីរពេទ្យឯកជន មួយនេះ។
ក្រោយពេលចាក់ថ្នាំតាមការកំណត់ ស្រាប់តែជនរងគ្រោះប្រតិកម្មជាមួយថ្នាំបណ្ដាលឲ្យគាំងបេះដូងស្លាប់។
បើតាមសាច់ញាតិគឺក្រុមគ្រួសារជនរងគ្រោះមិនបានដាក់ពាក្យប្តឹងគ្លីនិកខាងលើនេះទេ ក្រោយពីគ្រួសារជនរងគ្រោះព្រមទទួលសំណងចំនួន៨០០០ដុល្លារ ដើម្បីបិទបញ្ចប់រឿង ។
សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកក្រគរខេត្តពោធិ៍សាត់ ។
ក្រុមអ្នកតាមដានសង្គមមួយចំនួនបានប្រតិកម្មក្រោយទទួលបានព័ត៌មាននេះ ដោយលើកឡើងថា ទោះជាក្រុមគ្រួសាររងគ្រោះទទួលយកសំណងនិងមិនប្តឹងក៍ដោយ ក៍មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៍ដូចជាក្រសួងសុខាភិបាលចុះមកពិនិត្យនិងបើកការស្រាវជ្រាវថាតើគ្លីនិកយីហោ«មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ»ធ្លាប់មានបញ្ហាអីដែរអត់ចាប់តាំងពីការបើកដំណើរការមក ហើយមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ និងគ្រូពេទ្យជំនាញនៅគ្លីនិកនេះមានជំនាញវិជ្ជាជីវៈទទួលស្គាល់កម្រិតណា ហើយបើអត់មានទេគួរចាត់វិធានការច្បាប់បែបណា ?។ អាយុជីវិតពលរដ្ឋ ឬ អ្នកជំងឺមិនមានតម្លៃត្រឹម៨០០០ដុល្លារនោះទេ ? ។
នៅម៉ោង២រសៀលថ្ងៃទី០៦ កញ្ញា ២០២០នេះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺបានទេពីម្ចាស់គ្លីនិក ក៍ដូចជាគ្រូពេទ្យជំនាញនៃគ្លីនិក«មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ» និងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ៕