ប្រទេសឡាវទំនងនឹងមិនអាចសងបំណុលទាំងអស់របស់ខ្លួន ដែលភាគច្រើនជាបំណុលជំពាក់ប្រទេសចិននោះទេ។ ចិនបានក្លាយជាអ្នកផ្តល់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬស្ថាប័នអន្តរជាតិដទៃទៀត។
ជាក់ស្តែង កាលពីថ្ងៃទី០១ កញ្ញា ២០២០ ចិន និង ឡាវ បានចុះកិច្ចព្រមព្រៀងបែងចែកភាគហ៊ុនក្រុមហ៊ុនអគ្គិសនីរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋឡាវនិងក្រុមហ៊ុនChina Southern Power Grid Co ។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន Xinhua ។
យ៉ាងណាក្តីសារព័ត៌មានរដ្ឋចិនដដែលមិនបានបញ្ជាក់លម្អិតអំពីមូលហេតុនៃការចុះកិច្ចព្រមព្រៀងបែងចែកភាគហ៊ុននេះទេ ប៉ុន្តែបើយោងតាម Reuters ការចុះកិច្ចព្រមព្រៀងខាងលើនេះ ដោយសារឡាវបាននិងកំពុងជួបនូវបញ្ហាការធ្លាក់ចុះនូវប្រាក់ចំណូលជាតិ ធ្វើឲ្យការបង្វិលសងប្រាក់ទៅម្ចាស់បំណុលដែលមានចិន ធនាគារពាណិជ្ជជាដើមជួបការលំបាក ។
បើតាម Reuters កិច្ចព្រមព្រៀងរវាងចិននិងឡាវនេះ គឺនឹងបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Electricite du Laos Transmission Company Limited (DELT) ដែលត្រូវគ្រប់គ្រងដោយក្រុមហ៊ុនចិន China Southern Power Grid Co។
ការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឡាវត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ១,៨ ភាគរយនៅឆ្នាំនេះដោយសារតែការធ្លាក់ចុះនៃការអនុវត្តវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច អំឡុងពេលនៃវត្តមានជាសកលនៃមេរោគកូវីដ១៩។
ដោយមានប្រជាជនត្រឹមតែ ៧ លាននាក់វិស័យទាំងនេះបានបង្កើតការងារចំនួន១១ ភាគរយនៃការងារសរុបនិង ២២ ភាគរយនៃការងារនៅក្នុងតំបន់ទីក្រុង។
របាយការណ៍បានបន្ថែមទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនៃរោគរាតត្បាតនេះ ពលករចំណាកស្រុកជាង ១០ ម៉ឺននាក់បានវិលត្រឡប់មកប្រទេសឡាវវិញដែលជាលទ្ធផលការប៉ាន់ប្រមាណនៃការធ្លាក់ចុះនូវទឹកប្រាក់ប្រមាណ ១២៥ លានដុល្លារសហរដ្ឋអាមេរិកដែលផ្ញើរទៅសម្រាប់ផ្គត់ផ្គង់គ្រួសារ ជាពិសេសអ្នកនៅតាមតំបន់ជនបទ។
គិតត្រឹមឆ្នាំមុន បំណុលដែលឡាវជំពាក់ចិនមានប្រហែល ៤៥ ភាគរយនៃទិន្នផលក្នុងស្រុករបស់ប្រទេសនេះ គិតជាទឹកប្រាក់ប្រហែល ២០ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ (២៦០០ ដុល្លារសម្រាប់មនុស្សម្នាក់) ៕