ប្តីស្ត្រីម្នាក់បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធ៌ម បន្ទាប់ពីប្រពន្ឋគាត់រងរបួស ដោយ សារបុរសម្នាក់ ដែលប្តីនោះអះអាងថាជាអង្គរក្សលោក ហ៊ុន សែន បានប្រើហិង្សាវាយដំនិងចង់ធ្វើឃាត ។
បើតាមគណនីឈ្មោះ Saret Mouslem ដែលឈ្មោះនេះទំនងជាជនជាតិខ្មែរឥស្លាម បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយអះអាងថា ជនសង្ស័យដែលប្រើអំពើហិង្សាឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ មានឋានន្តរស័ក្តិវរៈសេនីយ៍ឯក(ស័ក្តិ) ជាអង្គរក្សលោកនាយករដ្ឋមន្ត្រី បានយកកាំភ្លើងនិងដំបងប្រុងធ្វើឃាតខ្ញុំ(Saret Mouslem) និងប្រពន្ឋ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៦ល្ងាចថ្ងៃទី០៦ កញ្ញា ២០២០ នៅក្នុងភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
គណនីខាងលើបានសរសេរបង្ហោះមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះ«សូមសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជួយកូនចៅផង នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែ៩ ឆ្នាំ២០២០ អង្គរក្សសម្តេចសក្ត័៥ ឈ្មោះម៉ាត់ យូសុះ ហៅជួប ថាន់ បានយកកភ្លើង និងដំបងប្រុងធ្វើឃាតខ្ញុំពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ត្បូងឃ្មុំ ។ ធ្វើអោយប្រពន្ធខ្ញុំមានរបួស ។»។
គេមិនដឹងថា ទំនាស់នេះផ្តើមចេញពីអ្វីនោះទេ តែបើតាមរូបភាពពីវីដេអូឃ្លីបដែលម្ចាស់គណនីឈ្មោះ Saret Mouslem បង្ហោះនោះ គេឃើញបុរសម្នាក់បើកទ្វាររថយន្តម៉ាកព្រូស ស្ទុះចេញដើរសំដៅទៅរកបុរសម្នាក់ប្រុងប្រើហិង្សានៅក្នុងស្ថានីយ៍ប្រេងមួយកន្លែង តែត្រូវបានស្ត្រីម្នាក់(ជនរងគ្រោះ) ទៅឃាត់ ហើយទំនងជាកើតទំនាស់ពាក្យសម្តីថែមទៀត ទើបគេឃើញបុរសដែលស្លៀកពាក់ឯកសណ្ឋានជាយោធាអាវយឺតខោប៉ារ៉ាវាយនិងអុកនឹងជង្គុងទៅលើស្ត្រីរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
នៅព្រឹកថ្ងៃទី០៧ កញ្ញា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីឈ្មោះ ម៉ាត់ យូសុះ ក៍ដូចជាមន្ត្រីអ្នកនាំពាក្យខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕