យុវជនម្នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចរាជរដ្ឋាភិបាលចាប់ខ្លួនតាមផ្លូវ នៅព្រឹកថ្ងៃចន្ទនេះ ខណៈយុវជនរូបនេះ កំពុងធ្វើដំណើរទៅចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតយ្យេ ។
ការចាច់ខ្លួនយុវជននៃក្រុមយុវជន«ថាវរៈ»ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណខាងលើនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត លោក មាន ព្រហ្មមុនី និងជាសមាជិកនៃក្រុមខ្មែរថាវរៈមួយចំនួនទៀត ត្រូវបានគេអះអាងថា ក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរកាលពីថ្ងៃអាទិត្យម្សិលមិញ ។
បើតាមការបញ្ជាក់របស់សកម្មជនសង្គមដែលប៉ុនប៉ងទៅធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដែលស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និង សកម្មជនមួយចំនួនទៀត បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមយុវជននៃក្រុមយុវជន«ថាវរៈ»ត្រូវបានអាជ្ញាធររាំងខ្ទប់នៅក្បែរចិញ្ចើញផ្លូវជាតិលេខ៥ នៅក្នុងខណ្ឌប្ញស្សីកែវមុនពេលទៅដល់ទីលានប្រជាធិបតេយ្យ ។
កាលពីថ្ងៃទី០២ កញ្ញា ២០២០ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយដោយមិនអនុញ្ញាតឲ្យមានការធ្វើបាតុកម្មអហិង្សាដើម្បីទាមទារតវ៉ារកយុត្តិធ៌មសង្គម រៀបចំឡើងដោយក្រុមយុវជន«ថាវរៈ»និងសង្គមស៊ីវិលមួយចំនួនទៀតនោះទេ ។
ការមិនអនុញ្ញាតឲ្យលោក មាន ព្រហ្មមុនី លោក ថា ឡាវី និង កញ្ញា អេង ម៉ាឡៃ ដឹកនាំការធ្វើបាតុកម្មរយៈពេល០៩ថ្ងៃ ដោយផ្តើមពីថ្ងៃទី០៧នេះដល់ថ្ងៃទី១៥ កញ្ញា ២០២០ វេលាម៉ោង ៨ព្រឹកដល់ម៉ោង៦ល្ងាចនោះ ដោយសាលារាជធានីភ្នំពេញសំអាងថា មេដឹកនាំបាតកម្មទាំង៣រូបខាងលើ មិនអាចកំណត់សមាសភាពនិងចំនួនអ្នកចូលរួមច្បាស់លាស់ ដែលអាចធ្វើឲ្យបាតុកម្មនេះប៉ះពាល់ដល់សន្តិសុខធ្ងន់ធ្ងរ និងសណ្តាប់ធ្នាប់សាធារណៈតាមច្បាប់ស្តីពីបាតុកម្ម និងម្យ៉ាងអ្នកចូលរួមធ្វើបាតុកម្មនេះ បានធ្វើការអំពាវនាវតាមបណ្តាញសង្គមផេកឈ្មោះ «ពលរដ្ឋសកម្ម»ដែលខ្លឹមសារមានចរិតបំផុស ញុះញង់ឲ្យប្រឆាំងជាមួយនឹងដំណើរការនីតិវិធីតុលាការ ៕