ទីបំផុតទៅ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានដកស័ក្តិឲ្យមកជាមន្ត្រីធម្មតា ។
នេះបើយោងតាមលោកផ្កាយ៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលថ្លែងជាសាធារណៈនៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ កញ្ញា ២០២០នេះ ។
កាលពីថ្ងៃទី១១ សីហា ២០២០ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែតនៅក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និង បំពាក់គ្រឿងឥស្សរិយយស នៅទីស្តីការក្រសួងមហាផ្ទៃថា«ព័ត៌មានជាបឋមទាក់ទងនឹងបញ្ហានេះ មិនមែនរឿងថ្មីទេ រឿងយូរមកហើយ ក៏ប៉ុន្តែអាចមានបញ្ហា ពីព្រោះនៅក្នុងស្នងការដ្ឋានកំពង់ធំគឺវាមានបញ្ហា។ ដូច្នេះ មកដល់ពេលនេះ ខ្ញុំមិនទាន់សម្រេចដោះស្រាយយ៉ាងណានៅឡើយ រង់ចាំក្រុមការងារដើម្បីត្រួតពិនិត្យ»។
លោកប្រមុខមហាផ្ទៃបញ្ជាក់បន្ថែមទៀតថា«តាមពិតទៅ ខ្ញុំបានធ្វើលិខិតព្រមានម្ដងរួចមកហើយ គ្រប់គ្នាហ្នឹង ហើយខ្ញុំក៏បានសន្យាថា ក្រោយពីការព្រមានហើយ បើមិនកែប្រែ អាហ្នឹង មានតែឈានមួយជំហានទៀត គឺការដកឬការចាត់វិធានការរដ្ឋបាលណាមួយដែលធ្ងន់ជាងនេះ»។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានរងការចោទប្រកាន់ពីនគរបាលនារីជាច្រើនរូបថាបានប្រព្រឹត្តអំពើអសីលធ៌មបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ។
នេះបើយោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី៣០ កក្កដា ២០២០ របស់នគរបាលនារីដែលអះអាងថាខ្លួនជាជនរងគ្រោះនិងបានដាក់លិខិតទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើរូបលោក អ៊ុក កុសល ។
បើតាមលិខិតនគរបាលជានារីជាច្រើនរូប ដែលអះអាងថាខ្លួនជាជនរងគ្រោះបានរៀបរាប់អំពើអសីលធម៌របស់លោក អ៊ុក កុសល ដូចជាពេលនារីចូលទៅជួបគាត់ មួយចំនួនគឺជួបនឹងរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះ ជួបរឿងឈឺចាប់ ត្រូវបែកបាក់គ្រួសារ ហើយកន្លងមកនារីជានគរបាលបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ ក្រៅពីការចោទប្រកាន់ផ្លូវភេទ ក្នុងលិខិតក៍បានចោទលោកផ្កាយ អ៊ុក កុសល បង្កើតបក្ខពួកនិយម ខ្សែស្រឡាយ ប្រព្រឹត្តអំពើពុករលួយ និង បញ្ហាជាច្រើនទៀត ។
លោក អ៊ុក កុសល ក៍ធ្លាប់រងការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយនិងបក្សពួកផងដែរនិងត្រូវបាននគរបាលមួយចំនួនទម្លាយព័ត៌មានរឿងពុករលួយនិងបង្កើតបក្ខពួកផងដែរនាពេលកន្លងមក ។ បើតាមការមន្ត្រីនគរបាលខ្លះបានទម្លាយថា លោក អ៊ុក កុសល បានពង្រាយមនុស្សជំនិតរបស់ខ្លួនឲ្យចាំរាប់ក្បាលរថយន្តដឹកទំនិញ និងដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ យកលុយតាមរបៀបពុករលួយយ៉ាងគឃ្លើនដោយក្នុងរថយន្តមួយគ្រឿងត្រូវបង់លុយពី២០ដុល្លារទៅ៥០ដុល្លាររហូតដល់១០០ដុល្លារទៀតផង ។ ក្រុមមនុស្សជំនិតរបស់លោក អ៊ុក កុសល បានបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំង ព្រោះពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោក អ៊ុក កុសល ហើយគ្មានឈ្មួញឈើឬឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ធំ ណាម្នាក់ហ៊ានតវ៉ានោះទេ ។
ប្រភពបានសង្កត់ធ្ងន់ទៀតថា គ្រប់ប្រធានការិយាល័យជំនាញនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានលោក អ៊ុក កុសល ប្រើអំណាចគាបសង្កត់សព្វបែបយ៉ាងតែម្តង ។ ជាងនេះទៅទៀតសូម្បីតែអធិការនគរបាលក្រុងស្ទឹងសែន និងអធិការនគរបាលតាមបណ្ដាស្រុកនានាក្នុងខេត្តកំពង់ធំ ក៏ត្រូវលោក អ៊ុក កុសល ប្រើអំណាចគាបសង្កត់យ៉ាងកំរោលផងដែរ ។ ប្រការនេះហើយ ដែលធ្វើឲ្យមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អត់ធ្មត់តទៅទៀតលែងបានហើយបើកកកាយរឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក អ៊ុក កុសល ដើម្បីឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
រឿងអាស្រូវពុករលួយរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ហើយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ មីនា ២០២០ ក៏ធ្លាប់ចេញលិខិតព្រមានលើកទី១ទៅលើលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះលោក អ៊ុក កុសល នៅតែអាចធ្វើជាស្នងការនគរបាលខេត្តកំពង់ធំ យ៉ាងសុខស្រួលហើយហ៊ានប្រព្រឹត្តបំពានផ្លូវភេទលើនគរបាលនារីនោះថែមទៀត ៕