ក្រុមយុវជន«ថាវរៈ» កញ្ញា សូ មេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី០៧ កញ្ញា ២០២០នេះ ។
មកទល់នឹងពេលនេះ យុវជននៃក្រុមយុវជន«ថាវរៈ» និង ក្រុមយុវជនចលនាមាតាធម្មជាតិជាង១០នាក់ហើយ ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួន ពាក់ព័ន្ឋនឹងការចូលរួមធ្វើបាតុកម្មតវ៉ាឲ្យមានការដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជានិងសង្គមស៊ីវិលមួយចំនួនទៀត ។
ដោយឡែកបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ Thmey Thmey ឲ្យដឹងថា ព្រះតេជគុណ កើត សារ៉ាយ ត្រូវបានចាប់ផ្សឹក មុននឹងត្រូវបញ្ជូនទៅតុលាការរាជធានីភ្នំពេញជាមួយយុវជនម្នាក់ទៀតឈ្មោះ មាន ព្រហ្មមុនី កាលពីព្រឹកថ្ងៃ៧ កញ្ញានេះ ។
សូមបញ្ជាក់ដែរថា ព្រះតេជគុណ កើត សារ៉ាយ និងយុវជន មាន ព្រហ្មមុនី ដែលជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវបានសមត្ថកិច្ចចូលទៅចាប់កាលពីរសៀលថ្ងៃម្សិលមិញ ក្នុងទីស្នាក់ការរបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ ស្ថិតនៅជាប់ផ្សារស៊ីខេ (CK Market) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកទាំងពីរត្រូវចាប់ខ្លួន បន្ទាប់ពីប្រកាសជំហរថា នៅតែចូលរួមដឹកនាំធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងទាមទារឲ្យមានយុត្តិធម៌សង្គម ។
កាលពីថ្ងៃទី០២ កញ្ញា ២០២០ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយដោយមិនអនុញ្ញាតឲ្យមានការធ្វើបាតុកម្មអហិង្សាដើម្បីទាមទារតវ៉ារកយុត្តិធ៌មសង្គម រៀបចំឡើងដោយក្រុមយុវជន«ថាវរៈ»និងសង្គមស៊ីវិលមួយចំនួនទៀតនោះទេ ។
ការមិនអនុញ្ញាតឲ្យលោក មាន ព្រហ្មមុនី លោក ថា ឡាវី និង កញ្ញា អេង ម៉ាឡៃ ដឹកនាំការធ្វើបាតុកម្មរយៈពេល០៩ថ្ងៃ ដោយផ្តើមពីថ្ងៃទី០៧នេះដល់ថ្ងៃទី១៥ កញ្ញា ២០២០ វេលាម៉ោង ៨ព្រឹកដល់ម៉ោង៦ល្ងាចនោះ ដោយសាលារាជធានីភ្នំពេញសំអាងថា មេដឹកនាំបាតកម្មទាំង៣រូបខាងលើ មិនអាចកំណត់សមាសភាពនិងចំនួនអ្នកចូលរួមច្បាស់លាស់ ដែលអាចធ្វើឲ្យបាតុកម្មនេះប៉ះពាល់ដល់សន្តិសុខធ្ងន់ធ្ងរ និងសណ្តាប់ធ្នាប់សាធារណៈតាមច្បាប់ស្តីពីបាតុកម្ម និងម្យ៉ាងអ្នកចូលរួមធ្វើបាតុកម្មនេះ បានធ្វើការអំពាវនាវតាមបណ្តាញសង្គមផេកឈ្មោះ «ពលរដ្ឋសកម្ម»ដែលខ្លឹមសារមានចរិតបំផុស ញុះញង់ឲ្យប្រឆាំងជាមួយនឹងដំណើរការនីតិវិធីតុលាការ ៕