ក្រុមយុវជនថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បាននិងកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ រូបភាពនានា ខ្សែវីដេអូ និងធ្វើបាតុកម្មដោយគ្មានការអនុញ្ញាតនោះថែមទៀត ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានគេចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០៧ កញ្ញានេះ ។
បើតាមក្រសួងមហាផ្ទៃ ក្រុមយុវជនថាវរៈ និងយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមិនបានចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងមហាផ្ទៃ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមក្នុងសកម្មភាពខុសច្បាប់ជាមួយក្រុមយុវជនទាំងពីរខាងលើ ។
ជាការកត់សម្គាល់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃខាងលើ បានធ្វើឡើងក្រោយពេលក្រុមយុវជនថាវរៈ និង យុវជនចលនាមាតាធម្មជាតិ ប្រកាន់ជំហរធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជនមួយចំនួនទៀត ទោះបីជាអាជ្ញាធរមិនអនុញ្ញាត រហូតដល់មានការចាប់ខ្លួនសកម្មជនជាង១០នាក់ បញ្ជូនទៅតុលាការនិងមួយចំនួនកំពុងឃុំខ្លួននៅពន្ឋនាគារព្រៃស៕