ប្រធានាធិបតីហ្វីលីពីន៖ប៉ូលិសបាញ់សម្លាប់ឈ្មួញគ្រឿងញៀន ចុះគយចាំអីទៀត

ជា​ថ្មី​ម្តងទៀត ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជា​ឲ្យ​មន្ត្រី​គយ​របស់​ខ្លួន​បាញ់​សម្លាប់​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​នៅ​នឹង​កន្លែង ប្រសិនបើ​ឃើញ​បទល្មើស​ជាក់ស្តែង ។​

​នៅ​លើ​កញ្ចក់​ទូរទស្សន៍ លោក​ប្រធានាធិបតី​ជើង​ខ្លាំង​ខាង​កម្ទេច​ឈ្មួញ​និង​បោសសម្អាត​ការ​ជួញដូរ​គ្រឿងញៀន​រូប​នេះ បាន​បង្ហើប​ឲ្យ​ពលរដ្ឋ​ខ្លួន​ដឹង​ថា កន្លង​មក លោក​បាន​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​គណៈកម្មាធិការ​គយ​ដើម្បី​ទិញ​កាំភ្លើង​ទុក​ប្រតិបត្តិការ​បោសសម្អាត​ឈ្មួញ​គ្រឿងញៀន ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​របាយការណ៍​ណាមួយ​ពី​ការ​បាញ់​សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​ណា​ម្នាក់​នៅឡើយ ពី​សំណាក់​មន្ត្រី​គណៈកម្មាធិការ​គយ ខណៈ​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​ប្រទេស​មិន​ថមថយ​។​

​បើ​តាម The Guardian លោក ឌូ​ទើ​តេ បាន​បញ្ជា​ជា​ថ្មី​ឲ្យ​ប្រធាន​គណៈកម្មាធិការ​គយ លោក រ៉េ ឡេ​អូ​ណា​ដូ ហ្គេ​រ៉េ​រ៉ូ បាញ់​សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​ភ្លាម​ៗ​នឹង​កន្លែង ប្រសិនបើ​រក​ឃើញ​ថា​ជា​បទឧក្រិដ្ឋ​ជាក់ស្តែង​ដោយ​លោក​ធានា​នឹង​មិន​មាន​មេ​គយ ឬ​មន្ត្រី​ណា​ម្នាក់​ជាប់​ពន្ធនាគារ ដោយសារ​តែ​ការ​បាញ់​សម្លាប់ ឈ្មួញ​ថ្នាំ​ញៀន​នោះ​ឡើយ ។​

​យោង​តាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ខែមិថុនា ២០២០ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ចំនួន​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ទំនងជា​អាច​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដោយសារ​តែ​ក្រុម​ប៉ូ​លី​ស​ទទួល​បាន​ទណ្ឌ​ភាព (​ការ​ដែល​មាន​ត្រូវ​បាន​ដាក់ទោស​) ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ព្រម​គ្នា​និង​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហឹ​ង្សា​សំណាក់​មន្ត្រីជាន់ខ្ពស់​ផង​ដែរ​។​

​យ៉ាងណាមិញ ផ្អែក​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​អំពី​ចំនួន​ជនសង្ស័យ​ជាប់ចោទ​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​របស់​ប៉ូ​លី​ស​ចាប់តាំងពី​ខែកក្កដា ឆ្នាំ ២០១៦​មក គឺ​មាន​ចំនួន ៥៦០០​នាក់ ៕