លោកវរៈសេនីយ៍ឯក ម៉ាត់ យូសុះ ហៅ ជួប ថាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ និងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីសាកសួរករណីប្រើអំពើហិង្សានិងដកកាំភ្លើងគំរាមកំហែងប្រជាពលរដ្ឋ ។
មកទល់នឹងម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៨ កញ្ញា ២០២០នេះ មិនទាន់ដឹងថា សមត្ថកិច្ចចាត់វិធានការតាមនីតិវិធីច្បាប់ដល់ណានៅឡើយនោះទេ ។
ការឃាត់ខ្លួន លោក ម៉ាត់ យូសុះ ដែលគេអះអាងថាជាអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញនេះដែរ បានធ្វើឡើងនៅក្រោយពេលព័ត៌មាននៃការប្រើហិង្សាលើប្រជាពលរដ្ឋពីសំណាក់លោកស័ក្តិ៥ខ្មែរឥស្លាមរូបនេះ ត្រូវបានបែកធ្លាយដឹងដល់លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក ហ៊ុន សែន ។
សូមបញ្ជាក់ថា គណនីហ្វេសប៊ុកមួយឈ្មោះ «Saret Mouslem» បានបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា «សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជួយកូនចៅផង ។ នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ អង្គរក្សសម្តេច ស័ក្តិ៥ ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ បានយកកាំភ្លើងនិងដំបង ប្រុងធ្វើឃាតខ្ញុំពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ត្បូងឃ្មុំ ធ្វើអោយប្រពន្ធខ្ញុំមានរបួស»។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៦ល្ងាចថ្ងៃទី០៦ កញ្ញា ២០២០ នៅក្នុងភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
គេមិនដឹងថា ទំនាស់នេះផ្តើមចេញពីអ្វីនោះទេ តែបើតាមរូបភាពពីវីដេអូឃ្លីបដែលម្ចាស់គណនីឈ្មោះ Saret Mouslem បង្ហោះនោះ គេឃើញបុរសម្នាក់បើកទ្វាររថយន្តម៉ាកព្រូស ស្ទុះចេញដើរសំដៅទៅរកបុរសម្នាក់ប្រុងប្រើហិង្សានៅក្នុងស្ថានីយ៍ប្រេងមួយកន្លែង តែត្រូវបានស្ត្រីម្នាក់(ជនរងគ្រោះ) ទៅឃាត់ ហើយទំនងជាកើតទំនាស់ពាក្យសម្តីថែមទៀត ទើបគេឃើញបុរសដែលស្លៀកពាក់ឯកសណ្ឋានជាយោធាអាវយឺតខោប៉ារ៉ាវាយនិងអុកនឹងជង្គុងទៅលើស្ត្រីរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
មជ្ឈដ្ឋានជាច្រើនមើលឃើញថាអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺតែងប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ បទបញ្ជា សីលធ៌ម សេចក្តីថ្លៃថ្លូរ និងមានគុណធ៌ម មិនមែនចេះតែដើរបំផ្លាញកេរ្តិ៍ឈ្មោះដូចបុគ្គលមួយចំនួនតូចដូចខាងលើនេះទេ ៕