បុគ្គលដែលធ្វើការគេចវេះពន្ធ និងបុគ្គលធ្វើឲ្យរាំងស្ទុះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ គឺជាបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ ។
នេះបើយោងតាមការបញ្ជាក់របស់លោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលត្រូវបាន BTV Cambodia ស្រង់ប្រសាសន៍ចុះផ្សាយនៅថ្ងៃទី០៨ កញ្ញា ២០២០។
លោកបញ្ជាក់ថា ពាក់ព័ន្ធ នឹងបទល្មើសពន្ធដារ មានបុគ្គលមួយចំនួនតូច នៅតែព្យាយាមក្នុងការបន្លំពន្ធ នៅតែព្យាយាមក្នុងការកាត់បន្ថយប្រាក់ពន្ធ នៅតែព្យាយាមគេចវេះពន្ធ និងនៅតែប្រព្រឹត្តិបទល្មើសរាំងស្ទុះចំពោះប្រពន្ធគ្រប់គ្រងរបស់ពន្ធដារ។ ក្នុងនោះប្រសិនបើយើងអនុញ្ញាតឲ្យមានបទល្មើសនេះកើតឡើង នោះប្រព័ន្ធពន្ធដារគឺមិនរឹងមាំនោះឡើយ ព្រោះប្រព័ន្ធគ្រប់គ្រងពន្ធដារ គឺជាឆ្អឹងខ្នងយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធជាចំណូលរបស់រដ្ឋ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
ជុំវិញបទល្មើសពន្ធដារនេះ បុគ្គលដែលធ្វើការគេចវេះពន្ធ និងបុគ្គលធ្វើឲ្យរាំងស្ទុះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ គឺជាបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ ។ បញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារ មានវិធានជាច្រើនដូចជា ៖ ការអនុវត្តន៍វិធានការទប់ស្កាត់ (គឺមិនឲ្យបទល្មើសកើតឡើង ហើយតាមរកនោះឡើយ) ពោលគឺអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយ តាមរយៈការពន្យល់ និងការណែនាំផ្សេងៗ ជាពិសេសអគ្គនាយកដ្ឋានមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដើម្បីកាត់បន្ថយការគេចវេះ ការក្លែងបន្លំឲ្យបានជាអតិបរិមា ។