អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្រើនរំឮកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។
ការប្រកាសរំឮកប្រាប់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទខាងលើយ៉ាងដូច្នេះ គឺបានធ្វើឡើងនៅក្នុងឱកាសដែលកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ បានអញ្ជើញប្រកាសតែងតាំងមុខតំណែងនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកំពត ខេត្តកំពត កាលពីថ្ងៃទី០៧ កញ្ញា ២០២០។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៍បានប្រាប់ទ័ពឲ្យខិតខំបំពេញការងារឱ្យបានទ្វេរដង ដោយត្រូវមានគំនិតផ្តួចផ្តើម ចេះគិតគូរច្នៃប្រឌិតថ្មីៗ ដើម្បីសម្រេចភារកិច្ច នៅក្នុងដែនកម្រិតសមស្របណាមួយ បន្ថែមលើអ្វីដែលមាននៅក្នុងបទបញ្ជា ឬផែនការ ដើម្បីឱ្យការអនុវត្តបទបញ្ជា ឬផែនការ អាចសម្រេចបានតាមគោលដៅ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយពេលខ្លះ ក៏អាចមានលទ្ធផលល្អលើសពីការរំពឹងទុកក្នុងផែនការផងដែរ។
លោកបញ្ជាក់ទៀតថា ក្នុងស្មារតីនេះ ដោយឈរលើសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងប្រដាប់អាវុធជាតិយើង សូមគ្រប់បណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជាជនរបស់យើង៕