ប្រាក់ខែគោលកម្មករឡើងដល់ជិត២០០ដុល្លារហើយនៅឆ្នាំ២០២១

បន្ទាប់​ពី​បើក​ការ​ចរចា​អស់​រយៈពេល​ច្រើន​ខែ នៅ​ថ្ងៃ​ទី​១០ កញ្ញា ២០២០​នេះ រាជរដ្ឋាភិបាល បាន​សម្រេច​ចុង​ក្រោយ ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង ចំនួន​១៩២​ដុល្លារ ចាប់ពី​ឆ្នាំ​២០២១​ខាង​មុខ ។​

​បើ​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​១ ឆ្នាំ​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា​ក្រោម​អធិបតី លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ភាគី​ទាំងអស់​បាន​បោះ​ឆ្នោត​គាំទ្រ​ដល់​តួលេខ​១៩០​ដុល្លារ ពោល​គឺ​ចង់​រក្សា​ចំនួន​ប្រាក់​ឈ្នួល​កម្មករ ឱ្យ​នៅ​ដូច​ឆ្នាំ​២០២០​ដដែល ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច​  ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បន្ថែម​បាន​២​ដុល្លារ​ទៀត គឺ​សរុប​កើន​បាន​១៩២​ដុល្លារ​។​

​គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​ជា​រៀង​រាល់​ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ​១៩៩៧ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​មាន​ចំនួន​តែ ៤០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ រហូត​ដល់​ឆ្នាំ​២០២០​នេះ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​នៅ​កម្ពុជា​មាន​ចំនួន ១៩០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ហើយ​ឆ្នាំ​២០២១​ខាង​មុខ ប្រាក់​ឈ្នួល​គោល​នឹង​ឡើង​ដល់​១៩២​ដុល្លារ ៕