រាជធានីភ្នំពេញ ៖ ក្រោយពីប្រកែក ជាច្រើនលើកច្រើនសាររួចមក ឥឡូវក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt ចេញលិខិតសូមអភ័យទោស ។
លិខិតសូមអភ័យទោស របស់ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatte Master LM Co., Ltd បានប្រកាសទទួលស្គាល់ថា ផលិតផលម្សៅទឹកដោះគោមានបញ្ហា ហើយប្រកាសទទួលខុសត្រូវ លើផលប៉ះពាល់ទៅលើទារក ដែលបានទទួលទានផលិតផលរបស់ខ្លួន ។
ក្នុងលិខិតចេញ នៅថ្ងៃទី៩ កញ្ញានេះ ក្រុមហ៊ុនបានបង្ហាញការសោកស្ដាយ និងស្នើសុំអភ័យទោសពីមាតាបិតានៃទារកដែលបានធ្លាក់ខ្លួនឈឺក្រោយពីទទួលទានម្សៅទឹកដោះគោរបស់ខ្លួន ដោយក្រុមហ៊ុន ទទួលស្គាល់ថា ម្សៅទឹកដោះគោរបស់ខ្លួនដែលមានលេខកូដចំនួន ៦ ប្រភេទ មានបញ្ហាបច្ចេកទេសលើធាតុផ្សំដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពទារក ។
តាមរយៈលិខិតនោះ តំណាងនៃក្រុមហ៊ុន ថា៖ នាងខ្ញុំសូមធ្វើការអភ័យទោសជាសាធារណៈ និងសូមចូលរួមចំណែកក្នុងការទទួលខុសត្រូវលើការខូចខាតចំពោះបុត្រធីតារបស់លោក-លោកស្រី ដែលបណ្ដាលមកពីម្សៅទឹកដោះគោនេះ ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មបានហាមឃាត់ការចែកចាយម្សៅទឹកដោះគោយីហោ Nutrilatte បន្ទាប់ពីលទ្ធផលពីមន្ទីរពិសោធន៍សិង្ហបុរីរកឃើញថា ផលិតផលជំនួសទឹកដោះម្ដាយប្រភេទនេះ មិនមានផ្ទុកសារធាតុដែកគ្រប់គ្រាន់ទៅតាមស្ដង់ដារដែលតម្រូវនោះឡើយ ប៉ុន្តែក្រុមហ៊ុននេះក៏បានច្រានចោលលទ្ធផលពិសោធន៍ផងដែរ នាពេលនោះ ។
លិខិតសូមអភ័យទោស មានដូចខាងក្រោម ៖