បោះតង់មិនទាន់រើអស់ផង ឥឡូវចោទថាវៀតណាម៣នាក់ចេញពីខ្មែរផ្ទុកកូវីដ១៩ទៀត

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌ​ឌី​ន បាន​ច្រានចោល​ទាំងស្រុង​នូវ​នូវ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដែល​ថា​មាន​ជនជាតិ​វៀតណាម​៣​នាក់ ទើប​ចេញពី​ប្រទេស​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រក​ឃើញ​ថា​មាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ។​

​ក្រៅពី​ការ​ច្រានចោល លោកស្រី​រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​ក៍បាន​លើក​ឡើង​ថា ជនជាតិ​វៀតណាម​៣​នាក់​នោះ គឺ​ពួក​គេ​អាច​ឆ្លង​នៅ​ក្នុង​ប្រទេស​វៀតណាម​ផ្ទាល់​តែ​ម្តង ។​

​ការ​ច្រានចោល​របស់​ក្រសួងសុខាភិបាល​ខ្មែរ​នៅ​ថ្ងៃ​ទី​១០ កញ្ញា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​វៀតណាម VN Express កាលពី​ថ្ងៃ​ទី​០៨ កញ្ញា បាន​ចុះ​ផ្សាយ​ថា ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ ដែល​ត្រឡប់​មក​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ និង​២៦ ខែសីហា ឆ្នាំ​២០២០ តាម​ច្រក​ម៉ុ​ក​បៃ ខេត្ត​តៃ​និ​ញ ត្រូវ​បាន​រក​ឃើញ​មាន​វីរុស COVID-19 ។​

​សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១១​និង​១១​នាទី​យប់​ថ្ងៃ​ទី​១០ កញ្ញា ២០២០​នេះ អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​ក្នុង​ទូ​ទាំង​ប្រទេស​វៀតណាម​មាន​ចំនួន​សរុប ១០៥៩​នាក់​និង​ស្លាប់​៣៥​នាក់ ខណៈ​កម្ពុជា​មាន​អ្នក​ឆ្លង​សរុប ២៧៤​នាក់ គ្មាន​អ្នក​ស្លាប់​និង អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ៕