បុរស​ផ្ទុះអាវុធ​សម្លាប់​ស្រី​ស្នេហ៍​ក្នុង​រថយន្ត ត្រូវ​ឃុំខ្លួន​ដាក់​ពន្ធនាគារ

ខេត្តកំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​១៧ កញ្ញា​នេះ ជនសង្ស័យ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ហើយ ដោយ​ជាប់ចោទ​ពី​បទ​ឃាតកម្ម ទៅ​លើ​នារី​ម្នាក់​នៅ​ក្នុង​រថយន្ត កាលពី​យប់​ថ្ងៃ​ទី​១៥ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកញ្ញា ដែល​កើតហេតុ​នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កន្លង​ទៅ​នេះ ។

បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​លោក អ៉ី ឋា​វរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ ទាក់ ឌី ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​អចលនទ្រព្យ មានស្រុក​កំណើត​នៅ​ភូមិ​កូប​តូច ឃុំ​គុត​សត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ជន​នេះ​មាន​ទីលំនៅ​ផ្ទះ​លេខ ៩០ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​ដីកា ចៅក្រម​បាន​ចោទ​ជនសង្ស័យ​ពី​បទ ឃាតកម្ម និង​កាន់កាប់ ដាក់​តាម​ខ្លួន​នូវ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ អាវុធ​ខ្លី​ម៉ាក​( ZORAKI M90 ID) ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​ទី ២០ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់ រំសេវ ៕