សមាជិកសភាអាមេរិកម្នាក់ថ្កោលទោសការចាប់ខ្លួនយុវជនជាច្រើននាក់

សមាជិក​សភា​អា​មេ​រិ​ក​លោក អា​ឡែ​ន ឡូ​វ៉ិ​ន​ស្សល (Alan Lowenthal) ថ្កោលទោស​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ដែល​បាន​ចាប់​យុវជន​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញ​កាលពី​ថ្ងៃ​ទី ១៥ ខែ កញ្ញា លោក អា​ឡែ​ន ឡូ​វ៉ិ​ន​ស្សល ថា​រាជរដ្ឋាភិបាល ធ្វើ​តាមតែ​អំពើ​ចិត្ត ដោយ​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​ការ​ចាប់ខ្លួន​យុវជន​ទាំងនោះ​។​

​លោក​បន្ថែម​ថា សកម្មភាព​តស៊ូ​មតិ ឬ​តវ៉ា​ដោយ​សន្តិវិធី ឬ​រិះគន់​រដ្ឋាភិបាល គឺជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព និង​សិទ្ធិ​បញ្ចេញមតិ ដែល​ជា​សិទ្ធិ​មូលដ្ឋាន និង​ចាំបាច់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​មួយ​។ យុវជន​ដែល​ចូលរួម​សកម្ម ក្នុង​ជីវភាព​នយោបាយ​បែប​នេះ គួរតែ​លើកទឹកចិត្ត​ពួក​គាត់ មិនមែន​ចាប់​ពួក​គាត់​ដាក់គុក​នោះ​ទេ ។​

​លោក​បន្ត​ថា យុវជន​ទាំងនេះ គឺជា​អនាគត​របស់​កម្ពុជា ហើយ​លោក​ប្តេជ្ញា​នៅ​តែ​បន្ត​ថ្កោលទោស​សមត្ថកិច្ច​រាជរដ្ឋាភិបាល ដែល​ធ្វើបាប​ប្រជាពលរដ្ឋ​បែប​នេះ​។ លោក​ព្រមាន​ថា ទ​ង្វើ​នេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​កម្ពុជា ប្រឈម​ទណ្ឌកម្ម​បន្ថែម ពី​សហគមន៍​អន្តរជាតិ​។

​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប ពី​មន្ត្រី​នាំពាក្យ​របប​ក្រុងភ្នំពេញ​បាន​នៅឡើយ​ទេ ជុំវិញ​ជំហរ​របស់​សមាជិក​សភា​អា​មេ​រិ​ក​រូប​នេះ​។ ប៉ុន្តែ​លោក ផៃ ស៊ី​ផា​ន ធ្លាប់​អះអាង​ជា​ញឹកញាប់​ពី​មុន​មក​ថា លោក​មិន​ចាប់អារម្មណ៍​នឹង​តំណាងរាស្ត្រ​អា​មេ​រិ​ក ដែល​លោក​អះអាង​ថា​ជា​អ្នកប្រឆាំង​កម្ពុជា ដើម្បី​ប្រយោជន៍​នយោបាយ​។​

​ទោះជា​យ៉ាងនេះ​ក្តី សមាជិក​សភា​អា​មេ​រិ​ក​កន្លង​មក​មាន​ឥទ្ធិពល​ក្នុង​ការ​ធ្វើ​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រាជរដ្ឋាភិបាល​ជា​ហូរហែ​មក​ហើយ​។​

​លោក អា​ឡែ​ន ឡូ​វ៉ិ​ន​ស្សល កាលពីដើម​ឆ្នាំ ២០១៩ ក៏​ធ្លាប់​បាន​ស្នើ​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ ២០១៩ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក ពិចារណា​ឡើង​វិញ លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ផ្នែក​ពាណិជ្ជកម្ម ឬ GSP ដោយសារ​តែ​លោក​បាន​ចោទ​រាជរដ្ឋាភិបាល រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ​។​

​បើ​តាម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាងគេ​បំផុត​មួយ​របស់​កម្ពុជា​។ កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​កាន់​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩ មាន​ទឹកប្រាក់​ជិត ៥,៤ ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ ទំនិញ​ក្នុង​តម្លៃ​ជិត ១ ពាន់​លាន​ដុល្លារ ជា​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ ដែល​រួម​មាន​កាបូបដៃ វ៉ា​លី​ស និង​កាបូបស្ពាយ ដែល​ត្រូវ​បាន​លើកលែង​ការ​បង់​ពន្ធគយ នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក ឬ GSP​។​

​កម្ពុជា​ទើបតែ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ ដោយសារ​តែ​សហភាព​អឺរ៉ុប​ថ្កោលទោស រឿង​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។​

​អ្នក​ឃ្លាំមើល​សង្គម ធ្លាប់​ព្រមាន​របប​ក្រុងភ្នំពេញ​ជា​រឿយ​ៗ​ថា បើ​របប​នេះ​មិន​ព្រម​ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ នោះ​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត អាច​រួម​ទាំង​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​ផង​ដែរ នឹង​ធ្លាក់​មក​លើ​កម្ពុជា​៕

ប្រភព ៖ RFA