បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ដោយសារមន្ត្រីកងរាជអាវុធហត្ថ(PM)ម្នាក់ស្រវឹងស្រាដកកាំភ្លើងបាញ់សំឡុត រួចវាយនឹងស្នាប់កាំភ្លើង ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលម៉ោងប្រមាណ១០យប់នៅថ្ងៃទី១៦ កញ្ញា ២០២០ នៅក្នុងភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះទា ចាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ចំណែកជនបង្កឈ្មោះប៉េង ឡាដា ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីប៉េអឹម។
មុនពេលកើតហេតុ ទាំងជនរងគ្រោះ ជនបង្ក និងបុរស៣នាក់ទៀតបាននាំគ្នាផឹកស៊ីរួមគ្នា លុះស្រវឹងស្រារៀងៗ ក៍កើតមានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏បានផ្ទុះអាវុធចំនួន២គ្រាប់ និងទៅវាយលើជនរងគ្រោះចំនួន២ដៃចំក្បាល និងទាញអាវុធខ្លីពីចង្កេះបាញ់ប្រឡោះជើងជនរងគ្រោះចំនួន៣គ្រាប់ រួចវាយចំនួន២ស្នាប់កាំភ្លើងត្រូវចំក្បាលពីក្រោយទៀត បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចដងខ្លួន ។
បន្ទាប់ពីផ្ទុះអាវុធ និងវាយជនរងគ្រោះរួចមក ជនបង្កបានឡើងជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅកាន់គ្លីនិកឯកជនដើម្បីលាងរបួស ហើយនាំមកសម្រាកនៅផ្ទះវិញ ។
បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដើម្បីស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ៕