បុរសម្នាក់បានស្នើឲ្យសមត្ថកិច្ចខេត្តមណ្ឌលគិរីជួយឃាត់រថយន្តស៊េរីទំនើប Luxus570 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 1213 ដោយបុរសមិនស្គាល់អត្តសញ្ញាណនោះបានចោទ អ្នកបើកបររថយន្តនេះ បានដកកាំភ្លើងគំរាមប្រពន្ឋរបស់គាត់ដែលកំពុងមានផ្ទៃពោះ ។
យ៉ាងណាក៍ដោយ គេមិនដឹងថាករណីនេះកើតឡើងនៅទីណា ពេលណាពិតប្រាកដ និងផ្តើមចេញពីរឿងអ្វីនោះទេ គ្រាន់តែនៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញបុរសអ្នកបើកបររថយន្តខាងលើពាក់អាវដៃខ្លីព៌ណខៀវ ពាក់មួកកន្តឹប(មើលមិនច្បាស់ដូចជាមួកប៉ារ៉ា) និងដៃឆ្វេងកាន់កាំភ្លើងចង្អុលមករកគូទំនាស់តែប៉ុណ្ណោះ ។
នៅរសៀលថ្ងៃទី១៨ កញ្ញា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតបបានឡើយពីអ្នកបើកបររថយន្តខាងលើ ។
សង្ឃឹមថា សមត្ថកិច្ចនឹងឃាត់រថយន្តខាងលើនិងសួរនាំអ្នកបើកបរអំពីដំណើររឿង ដើម្បីរកយុត្តិធ៌មឲ្យជនរងគ្រោះ ។
ប្រទេសមានច្បាប់ កងកម្លាំងមានវិន័យនិងបទបញ្ជាច្បាស់លាស់ ជនមានលុយនិងអំណាចមួយក្តាប់តូចមិននាំគ្នាអនុវត្តទេ ធ្វើឲ្យតែពលរដ្ឋជេរស្តីបន្ទោសតែលើរាជរដ្ឋាភិបាល ពិសេសអាប់ឱនដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះថែមទៀត ។ ល្មមៗបានហើយអស់លោក មានរឿងអីដោះស្រាយគ្នាតាមច្បាប់ទៅ កុំប្រើអំណាចនិងលុយកាក់ ខណៈដែលសង្គមនេះបាននិងកំពុងវិវត្តន៍ខ្លួនឈានទៅកាន់នីតិរដ្ឋ ដែលអ្នកប្រព្រឹត្តខុសច្បាប់ទោះមានអំណាចឥទ្ឋិពលនិងមានប្រាក់មហាសាលបែបណា ក៍គេចមិនផុតពីសំណាញ់ច្បាប់បានដែរ ៕