ព្រោះតែហេតុផលបងប្អូន មន្រ្តីប៉េអ៊ឹមដកកាំភ្លើងវ៉ៃគេបែកក្បាលរួចខ្លួន

ទីបំផុត​ទៅ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ដែល​ដក​កាំភ្លើង​បាញ់​គំរាម​និង​យក​កាំភ្លើង​វាយ​ក្បាល​គេ​ហូរ​ឈាម​ស្រោច​ខ្លួន​នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​នោះ គឺ​មិន​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ក្រោម​ហេតុផល​ថា​ជន​ដៃដល់​និង​ជន​រង​គ្រោះជា​សាច់ញាតិ​បងប្អូន​គ្នា ហើយ​ជន​រង​គ្រោះ​ក៍​មិន​បាន​ប្តឹងផ្តល់​ដែរ​។​

​សូម​រំ​ឮ​កថា បុរស​ម្នាក់​បាន​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ដោយសារ​មន្ត្រី​កងរាជអាវុធហត្ថ​(PM)​ម្នាក់​ស្រវឹងស្រា​ដក​កាំភ្លើង​បាញ់​សំឡុត រួច​វាយ​នឹង​ស្នាប់​កាំភ្លើង ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​ប្រមាណ​១០​យប់​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០២០ នៅ​ក្នុងភូមិ​តា​ប៉ោង ឃុំ​សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ទា ចាន់​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ចំណែក​ជន​បង្ក​ឈ្មោះ​ប៉េង ឡា​ដា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​ប៉េ​អឹ​ម​។​

​មុន​ពេល​កើតហេតុ ទាំង​ជន​រង​គ្រោះ ជន​បង្ក និង​បុរស​៣​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស៊ី​រួម​គ្នា លុះ​ស្រវឹងស្រា​រៀង​ៗ ក៍កើត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ហើយ​ជនសង្ស័យ​ក៏​បាន​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ និង​ទៅ​វាយ​លើ​ជន​រង​គ្រោះ​ចំនួន​២​ដៃ​ចំ​ក្បាល និង​ទាញ​អាវុធ​ខ្លី​ពី​ចង្កេះ​បាញ់​ប្រឡោះ​ជើង​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ រួច​វាយ​ចំនួន​២​ស្នាប់​កាំភ្លើង​ត្រូវ​ចំ​ក្បាល​ពីក្រោយ​ទៀត បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ដងខ្លួន ។​

​បន្ទាប់​ពី​ផ្ទុះអាវុធ និង​វាយ​ជន​រង​គ្រោះ​រួច​មក ជន​បង្ក​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ​។ ដោយឡែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​គ្លីនិក​ឯកជន​ដើម្បី​លាង​របួស ហើយ​នាំ​មក​សម្រាក​នៅផ្ទះ​វិញ ។​

​នៅ​ពេល​ស្រាប់តែ សមត្ថកិច្ច​មិន​ចាត់វិធានការ​ច្បាប់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ក្រោម​ហេតុផល​ជន​រង​គ្រោះជា​សាច់ញាតិ​នឹង​ជន​ដៃដល់​និង​មិន​ដាក់​ពាក្យ​ប្តឹង​ទៅ​វិញ ។ បើ​តាម​អ្នក​ច្បាប់ ករណី​ខាងលើ​ជា​រឿង​ព្រហ្មទណ្ឌ​គំរាមកំហែង​និង​បង្ក​របួស​ស្នាម ទោះ​ជន​រង​គ្រោះ​មិន​ដាក់​ពាក្យ​ប្តឹង ក៍​តំណាង​អយ្យការ​តាង​នាម​ឲ្យ​រដ្ឋ​ប្តឹង​បាន​ដែរ ព្រោះ​ជា​រឿង​បំពាន​ច្បាប់​ទាំងស្រុង ។ គេ​នៅ​ចាំ​មើល​ថា​តើ​លោក​ប៉េ​អ៊ឹម​ដែល​ប្រើ​អំណាច​ជា​កងកម្លាំង​ទៅ​បាញ់​សំឡុត​និង​ប្រើ​ហិង្សា​យក​កាំភ្លើង​វាយ​ក្បាល​ពលរដ្ឋ​បែក​ហូរ​ឈាម​ស្រោច​ខ្លួន​នេះ នឹង​មានទោស​ដែរ​ឬទេ ហើយ​អង្គភាព​របស់​ខ្លួន​នឹង​ចាត់វិធានការ​បែប​ណា​លើ​មន្ត្រី​ចរិត​ពាល​មិន​សមជា​កងកម្លាំង​បម្រើ​ប្រជាពលរដ្ឋ​រូប​នេះ ៕